និពន្ធដោយព្រះភិក្ខុសោម
នៅវត្តវិហារធំ ក្នុងខេត្តបាភ្នំ មាននេនពីរអង្គ មួយអង្គនាមទុំ មួយអង្គទៀតនាមពេជ្រ ស្រឡាញ់គ្នាដូចបងប្អូន ហើយតែងនាំគ្នាធ្វើតោកលក់ជាធម្មតា។ នេនទុំ មានទាំងរូបសម្បត្តិ បានទាំងវោហារ ទាំងសំឡេង ឯវិជ្ជាមន្តអាគមអូមអាមក៏ចេះចាំយ៉ាងស្ទាត់។ ចំណែកនេនពេជ្រ ក៏ពូកែខាងផ្លុំប៉ីណាស់ដែរ។ ខែរងាមកដល់ នេនទាំងពីរបានបបួលគ្នាលាលោកគ្រូ ផ្ទុកតោកក្នុងរទេះ នាំទៅលក់នៅស្រុកឆ្ងាយ។ នេនដើរលក់ហូរហែ ដល់ខេត្តត្បូងឃ្មុំ។ គ្រប់ទីកន្លែងដែលនេនទៅដល់ រូបសម្បត្តិនិងសំឡេងរបស់ទុំ បានទាក់ទាញប្រជាជនឲ្យចោមរោមស្រឡាញ់រាប់អាន។ នាងទាវឮនាងនោជាបម្រើអួតសរសើរពីនេនទុំ ក៏ទៅអង្វរម្ដាយឲ្យទៅនិមន្តនេនមកស្មូតនៅផ្ទះ។
ពេលស្មូត នាងទាវចេះតែស្ទុះស្ទាឆ្លេឆ្លាម្ដងចូលម្ដងចេញក្រៅ។ នេនទុំគ្រាន់តែក្រឡេកឃើញនាងទាវ ក៏ស្រឡាញ់ភ្លាម។ នេនស្មូតរើសតែវគ្គត្រង់ណាដែលអាចប្រើពាក្យ «អូន បង» បាន។ នាងទាវបានរៀបចំជើងពាន មានផាហ៊ុម ដន្លាប់ និងបារី ស្លា ឲ្យនាងនោយកមកប្រគេនទុំ ហើយនាងសម្បូងសម្រូងឲ្យបានជួបទុំជាគូគាប់។ ទុំទទួលគ្រឿងបរិក្ខាហើយ តាំងសូត្រមេស្នេហ៍ ឲ្យនាងទាវស្រឡាញ់ខ្លួន។ តាំងពីពេលនោះមក ទាំងពីរនាក់ក៏នឹកគ្នាទៅវិញទៅមកយ៉ាងអន្ទះអន្ទែង។
ទ្រាំស្ថិតនៅក្នុងផ្នួសលែងបាន ទុំក៏ទៅសុំលោកគ្រូសឹក។ លោកគ្រូគូសលេខអត្ត គន់គូរពីជតារាសីសិស្ស ឃើញថាទុំមានទំនាយត្រូវធ្លាក់លើគ្រោះមរណ លោកបានឃាត់ទុំឲ្យពន្យារពេលសឹករហូតដល់ខែពិសាខ។ ឯពេជ្រលោកអនុញ្ញាតឲ្យសឹកភ្លាមបាន។ កើតទុក្ខព្រោះមិនបានសឹក ទុំក៏យកទៀនធូបទៅប្រកាសសឹកម្នាក់ឯងក្បែរដំបូកមួយ។ សឹករួច ទុំទៅសូមទោសគ្រូ ហើយមកលាម្ដាយ ធ្វើដំណើរទៅត្បូងឃ្មុំភ្លាម ដោយមានពេជ្រកំដរផង។ ពេលយប់ អ្នកដំណើរទាំងពីរតែងឡើងដេកលើប្រគាបឈើ ទាំងចិត្តព្រួយបារម្ភ ខ្លាចសត្វសាហាវគ្រប់បែបយ៉ាង ហើយទុំក៏នឹកឃើញថាការតស៊ូរបស់ខ្លួនដើម្បីស្រីបែបនេះហាក់ដូចជាមិនសមរម្យសោះ។ មកដល់ត្បូងឃ្មុំ ទុំនិងពេជ្រនាំគ្នាទៅស្នាក់នៅផ្ទះម្ដាយធម៌របស់ខ្លួន។
ឯឧកញ៉ាអរជូន ចៅហ្វាយស្រុកត្បូងឃ្មុំបានស្រុះស្រួលនឹងភរិយាឲ្យអ្នកផ្លូវទៅចែចូវដណ្ដឹងនាងទាវ ឲ្យម៉ឺនងួនជាកូនគាត់។ ម្ដាយនាងទាវសប្បាយចិត្តណាស់ នាំដំណឹងមកប្រាប់នាងទាវថា គាត់បានសម្រេចលើកនាងទាវឲ្យទៅម៉ឺនងួនហើយ។ ឮដូចនេះ នាងទាវប្រកែកយ៉ាងតឺងសរសៃកថាមិនយល់ព្រម តែម្ដាយនាងបានទាញយកពាក្យទំនៀម «នំមិនធំជាងនាឡិ» មកបង្ខំនាង។
ជាច្រើនថ្ងៃក្រោយមក ដំណឹងស្ដីពីការស្ដីដណ្ដឹងនេះក៏ឮដល់ទុំ បណ្ដាលឲ្យបណ្ឌិតយើងព្រួយចិត្តជាខ្លាំង។ ល្ងាចមួយ ទុំបានដើរមកកាន់ផ្ទះទាវ។ ពេលនេះ ជួនជាម្ដាយទាវមិននៅផ្ទះ ហើយឃើញទុំឈរ នាងទាវក៏ប្រើនោឲ្យហៅទុំមកលើផ្ទះ។
ទុំទាវបានឱកាសនិយាយផ្ដោះផ្ដងគ្នាទៅវិញទៅមក។ អ្នកទាំងពីរស្បថស្បែសន្យាស្មោះត្រង់ចំពោះគ្នានឹងគ្នា ហើយក៏ប្ដូរខ្លួនប្ដូរប្រាណ ដោយនាងនោជាអ្នកជួយលាក់លៀម។ លុះម្ដាយនាងទាវមកដល់ផ្ទះ ទុំបានដោះសាថា ខ្លួនទើបនឹងមកដល់ ក្នុងបំណងរកទិញគោនិងសេះ។ ម្ដាយទាវរួសរាយរាក់ទាក់ទទួលបណ្ឌិតទុំនិងពេជ្រឲ្យស្នាក់នៅលើផ្ទះរបស់ខ្លួនតាមតម្រូវការ។ ទុំតែងឆ្លៀតឱកាសស្ងាត់បន្តស្នេហាលួចលាក់ជាមួយនឹងទាវ។ ឯម៉ឺនងួនក៏ចេះតែចេញចូលផ្គាប់ចិត្តនាងទាវ ឥតលស់ថ្ងៃឡើយ។
ពេលនោះ កេរ្តិ៍ឈ្មោះទុំ និង ពេជ្រ ឮល្បីដល់ទៅរាជធានីលង្វែក ព្រះបាទរាមាជើងព្រៃបានចាត់រាជបម្រើឲ្យមកនាំយុវជនទាំងពីរទៅកាន់ទីក្រុង។ ក្រោយមកទៀត ស្ដេចមានបំណងចង់បានស្រីរូបល្អមកធ្វើជាអគ្គមហេសី។ រាជអាមាត្យបានដើរស្វែងរកគ្រប់ទីកន្លែង មិនប្រទះឃើញនារីណាមានរូបល្អសោះ។ លុះមកដល់ត្បូងឃ្មុំ ទើបគេបានឃើញនាងទាវតែម្នាក់គត់ នាំយកទៅថ្វាយព្រះរាជា។ ស្ដេចគាប់ព្រះទ័យនឹងនាងទាវ ហើយក៏បញ្ជាឲ្យទុំ ច្រៀងលើកសរសើរពីសម្រស់នាង។
ទុំបានច្រៀងថ្វាយថា ទាវជាសង្សារបស់ខ្លួន។ ស្ដេចខ្ញាល់ជាខ្លាំង តែបានរំងាប់ចិត្តតាមផ្លូវធម៌ ហើយផ្សំផ្គុំអ្នកទាំងពីរជាប្ដីប្រពន្ធ។
ម្ដាយនាងទាវខកចិត្ត ត្រឡប់មកត្បូងឃ្មុំវិញតែម្នាក់ឯង ហើយបានទៅចាក់ចុចឲ្យអរជូនគិតគូររឿងរៀបការកូនបន្តទៅទៀត រួចហើយម្ដាយទាវ ក្លែងសំបុត្រថាខ្លួនឈឺ ហៅនាងទាវឲ្យត្រឡប់មកត្បូងឃ្មុំវិញ។
នាងទាវមកដល់ដឹងថា ចាញ់បោកម្ដាយ ក៏ផ្ញើសំបុត្រឲ្យទុំ។ ទុំកើតទុក្ខជាខ្លាំងនឹងហេតុការណ៍នេះ។ គេទូលស្ដេចតាមដំណើរ។
ព្រះបាទរាមាជើងព្រៃខ្ញាល់នឹងអរជូនជាខ្លាំង។ ស្ដេចធ្វើសារមួយឲ្យទុំកាន់មកត្បួងឃ្មុំ។ គ្រាន់តែឮសំឡេងភ្លេងការពីចម្ងាយ ទុំស្លុតចិត្ត គិតតែយំស្រែក ទាល់តែពេជ្រតឿន ទើបទុំស្លៀកពាក់តុបតែងខ្លួនទៅកាន់ផ្ទះការ។ នៅលើផ្ទះនាងទាវ ទុំបានផឹកស្រាឲ្យកើតសេចក្ដីក្លាហាន ហើយទើបស្រែកច្រៀងហៅនាងទាវឲ្យចេញពីបន្ទប់។ ពេលនាងទាវមកដល់ ទុំលើកបីត្រកងដាក់លើភ្លៅ ឱបថើបបបោសអង្អែលយ៉ាងស្រើបស្រាល រួចចោទប្រកាន់ថានាងទាវមិនស្មោះនឹងខ្លួន។
ទុំប្រើទាវឲ្យយកស្រាមកផឹក និងអាលចេញដំណើរទៅលង្វែកវិញ។ នាងទាវបម្រើទុំសព្វគ្រប់ ហើយចូលទៅសំងំយំនៅក្នុងបន្ទប់វិញ។ ពេលនោះ ម្ដាយនាងទាវទប់កំហឹងលែងបាន ស្រែកហៅអរជូន ឲ្យចាប់ទុំទៅសម្លាប់។ នាងទាវឮថាគេចាប់ប្ដី នាងស្រែកអង្វរគេ កុំឲ្យចងប្ដីនឹងផ្ដៅ តែសូមឲ្យចងនឹងឈ្នួតស្ដេចប្រទានវិញ។ គេអូសទុំយកទៅបាត់។ យប់មកដល់ ទើបនាងទាវដឹងថាទុំស្លាប់។ នាងទាវប្រើនោឲ្យទៅយកកាំបិតស្លាមកឲ្យនាង រួចនាងបន់ស្រន់កុំឲ្យនរណាឃើញនាងពេលនាងចុះពីលើផ្ទះ។ ជួបក្មេងឃ្វាលគោ នាងទាវដោះចិញ្ចៀនឲ្យក្មេង ដោយពឹងពាក់ឲ្យវាទៅច្រៀងប្រាប់អ្នកកំពុងហូបចុកក្នុងពិធីការថា ទាវនិងនោបានទៅស្លាប់ជាមួយទុំហើយ។ បន្ទាប់មក នាងដើររកខ្មោចទុំឃើញនៅក្រោមដើមពោធិ៍ធំ នៃភូមិជើងខាល។ នាងទាវនិងនោក៏សម្លាប់ខ្លួនទាំងពីរនាក់ ដួលដេកនៅលើខ្មោចទុំទៅ។
ឯពួកអ្នកមកស៊ីការ លុះឮក្មេងច្រៀងក៏ផ្អើលឆោឡោដើររកនាងទាវ។ ដឹងថាបាត់រូបនាងទាវ អរជូនខឹងណាស់ដើររកខ្លួនឯង រហូតដល់ដើមពោធិ៍ជើងខាល ក៏ឃើញអ្នកទាំងបីស្លាប់គរលើគ្នានៅទីនោះ។ ពេលគេទាញសពយកទៅកប់ ស្រាប់តែឃើញព្រះរាជសារស្ដេចជ្រុះចេញពីខ្លួនទុំ។ អរជូនភ័យខ្លួន ហើយបែរទៅបន្ទោសនិងទម្លាក់កំហុសទៅលើម្ដាយទាវ។
ចំណែកពេជ្រ កាលបើដឹងថាគេសម្លាប់ទុំហើយ ក៏នាំក្រុមរបស់ខ្លួន ចុះទូកមកលង្វែកវិញ នាំយករឿងរ៉ាវទៅទូលព្រះរាជា ព្រះបាទរាមាជើងព្រៃខ្ញាល់ខ្លាំងណាស់ ព្រះអង្គក៏យាងមកកាន់ត្បូងឃ្មុំ ដោយព្រះអង្គផ្ទាល់ និងបញ្ជាឲ្យចាប់ក្រុមគ្រួសារអរជួន ព្រមទាំងម្ដាយទាវមកផ្ដន្ទាទោសដោយរាស់ផ្ដាច់ក។ ឯអ្នកចូលរួមដទៃទៀត ក៏ត្រូវបញ្ចូលជាអ្នកងារទាំងអស់៕
ចប់
តួអង្គសំខាន់នៅក្នុងរឿង
ទុំ= ជាតួអង្គឯកនៅក្នុងរឿងទុំទាវ សង្សាររបស់ទាវ មានជំនាញស្មូត ទាវ = តួអង្គឯក សម្រស់
ស្អាតដាច់គេ នៅត្បូងឃ្មុំ
នោ= ជាអ្នកបម្រើរបស់នាងទាវ
ពេជ្រ= មិត្តភក្ដិស្លាប់រស់របស់ទុំ
យាយម្ដាយទាវ = ជាម្ដាយរបស់នាងទាវនៅត្បូងឃ្មុំ
ម៉ឺនងួន= ជាកូនប្រុសរបស់អរជួន
អរជួន= ឪពុកម៉ឺនងួន ចៅហ្វាយខេត្តត្បូងឃ្មុំ
ព្រះបាទរាមាជើងព្រៃ = ព្រះមហាក្សត្រនៅសម័យលង្វែក
ព្រះចៅអធិការវត្តវិហារធំ = គ្រូរបស់ទុំនិងពេជ្រ
ឈ្មោះទីកន្លែងនៅក្នុងរឿង៖ វត្តវិហារធំ ខេត្តត្បូងឃ្មុំ ក្រុងលង្វែក ខេត្តបាភ្នំ
No comments:
Post a Comment