មនុស្សគ្រប់រូបដែលកើតនៅលើលោកសន្និវាសនេះ មិនអាចរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯងបានទេ យ៉ាងហោចណាស់ ក៏មានមិត្តភក្ដិដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គួរពឹងខ្លួនឯងឲ្យបានច្រើន ប្រឹងប្រែងរៀនសូត្រឬធ្វើការឲ្យអស់ពីសមត្ថភាព មិនខ្ជិលច្រអូស មិនដេកចាំព្រេងវាសនា និយាយរួមគឺ មិនមានគំនិតចៅចាក់ស្មុគ ដែលបានត្រឹមតែគិត តែមិនព្រមធ្វើ។ គេថា បើចង់ឲ្យទេវតាជួយ ត្រូវជួយខ្លួនឯងជាមុនសិន លទ្ធផលកើតឡើងតាមក្រោយទេ ឲ្យតែយើងធ្វើដោយយកចិត្តទុកដាក់។ ដរាបណាមានការព្យាយាម ដរាបនោះគង់តែបានសម្រេច ព្រោះអ្វីទាំងអស់ចាប់ផ្ដើមពីខ្លួនយើងទៅមុន។
តាមន័យនេះដែរ លោកបានទូន្មានថា ក្នុងនាមជាមនុស្សត្រូវមានសេចក្ដីព្យាយាមឲ្យបានច្រើន ជម្នះឧបសគ្គដោយប្រាជ្ញារបស់ខ្លួន មិនដេកផ្សំផ្ដួល រមួលផ្សំគ្រេច។ ខ្លួនជាអ្នកកំណត់វាសនាខ្លួនឯងនិងជាម្ចាស់នៃជីវិតរបស់ខ្លួនឯង មិនមែនអ្នកដទៃជាអ្នកកំណត់ទេ។ បន្ថែមពីលើនេះទៀត គ្រប់កិច្ចការសព្វសារពើទាំងអស់ ទាមទារឲ្យម្ចាស់ខ្លួនមានភាពរឹងប៉ឹង ក្លាហានមោះមុត ហ៊ានដើរទៅមុខដោយមិនមានភាពភ័យខ្លាច។ បើគីតតែដេកពីមួយថ្ងៃទៅមួយថ្ងៃ មិនព្រមធ្វើអ្វីសោះ ហើយគិតតែពឹងលើអ្នកដទៃ តើវាបានផលប្រយោជន៍អ្វីទេ? ចម្លើយប្រាប់ថា សូន្យ គឺមានន័យសំដៅទៅដល់ភាពឥតប្រយោជន៍ ខាតបង់ពេលវេលា និងក្លាយជាកញ្ជះនៃវដ្តសង្សារ។ ជាក់ស្ដែង ការទទួលជោគជ័យក្នុងអាជីព ចៀសមិនផុតពីការពឹងខ្លួនឯងជាធំឡើយ តួយ៉ាងដូចជាលោក ស្វិវ ចប ប៊ិល ហ្កេត និង អេនដឺសាន់ ជាដើម ដែលសុទ្ធតែជាមនុស្សអច្ឆរិយ តើសមត្ថភាពរបស់ពួកគេកើតចេញពីណា? គ្មានចេញពីណាទេ ចេញពីក្នុងខ្លួននេះឯង ព្រោះដោយកត្តាខ្លួនទីពឹងខ្លួននេះហើយ ទើបធ្វើឲ្យបុគ្គលខាងលើទាំងនេះមានជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
បើក្រឡេកមកមើលក្នុងស្នាដៃរឿងកុលាបប៉ៃលិន របស់លោក ញ៉ុក ថែម ក៏បានសរបញ្ជាក់ឲ្យឃើញផងដែរថា តាចឺម ឪពុកចៅចិត្រ មុននឹងគាត់ស្លាប់ បានផ្ដាំ ចៅចិត្រ ថា «អត្ថា ហិ អត្ថនោ នាថោ» តែ ចៅចិត្រ មិនភ្លេចសុភាសិតដ៏ល្អនេះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចៅចិត្រ ប្រឹងប្រែងធ្វើយ៉ាងសស្រាក់សស្រាំ មិនហ៊ានសម្រាកសូម្បីតែបន្តិច មិនត្រឹមតែប៉ុណ្ណោះ គេជាមនុស្សឧស្សាហ៍ព្យាយាមណាស់ ហើយចេះជួយយកអាសាអ្នកដទៃទៀតផង។ ទីបំផុត ចៅចិត្រ ក៏ទទួលជោគជ័យក្នុងជីវិត សូម្បីតែ ឃុន នារី និង ហ្លួង រតនសម្បត្តិ ក៏មិនអាចយកឈ្នះអនុភាពនៃកម្លាំងតស៊ូដ៏ស្មោះត្រង់របស់ ចៅចិត្រ បានឡើយ។ ចុងក្រោយ ក៏សុខចិត្តទទួលយក ចៅចិត្រ ដោយការពេញចិត្ត។ លទ្ធផលទាំងនេះ សុទ្ធតែកើតចេញពីកត្តាខ្លួនទីពឹងខ្លួនទាំងអស់ គួរចងចាំថា អ្វីៗគ្រប់យ៉ាងកើតចេញពីខ្លួនយើងទាំងអស់។ ដោយឡែក ព្រះសម្មាសម្ពុទ្ធនៃយើងត្រាស់ដឹងសម្មាសម្ពោធិញ្ញាណក៏ព្រោះតែខ្លួនទីពឹងខ្លួន ទ្រង់បានព្យាយាមមិនខ្លាចនឿយហត់ ជម្នះរាល់ឧបសគ្គដែលមាននៅចំពោះមុខ រហូតទាល់តែសម្រេចជោគជ័យ។ លើសពីនេះទៅទៀត តួយ៉ាងដូច លោកតាក្រម ង៉ុយ ឌឹក គាម ញ៉ុក ថែម នូ ហាច ជាដើម បើពួកគាត់មិនខំប្រឹងសិក្សានិងធ្វើការដោយខ្លួនឯងទេ ម្ល៉េះសមមិនមានស្នាដៃដ៏ល្អៗបន្សល់ទុករហូតដល់សព្វថ្ងៃនេះឡើយ។
សរុបមកឃើញថា មនុស្សទាំងឡាយត្រូវតែចេះភ្ញាក់ខ្លួន ខិតខំប្រឹងប្រែងធ្វើការឬសិក្សាទៅតាមសមត្ថភាពរបស់ខ្លួន កុំខ្លាចបាត់បង់កម្លាំងឲ្យសោះ។ និយាយឲ្យចំទៅគឺត្រូវពឹងខ្លួនឯងជាចម្បង បើយើងមិនគិតពីខ្លួន អ្នកដទៃក៏មិនគិតពីយើងដែរ។
ផ្ទុយមកវិញ ការធ្វើអ្វីមួយត្រូវពឹងលើខ្លួនឯងក៏ពិតមែន ប៉ុន្តែចៀសមិនផុតពីការទំនុកបម្រុងពីអ្នកដទៃឡើយ ព្រោះមនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែជាគ្រូដ៏សំខាន់ នៅពេលយើងធ្វើអ្វីមិនសមឬមានភាពឆ្គាំឆ្គង យើងនឹងអាចដឹងតាមរយមនុស្សទាំងនោះ ដើម្បីកែលម្អចំណុចខ្វះខាតឲ្យល្អឡើង។ បើយើងគិតពីខ្លួនឯងច្រើនពេក នោះគេចាត់ទុកថាជាជនអាត្មានិយមទៅវិញ ចូរចាំទុកថា មនុស្សមានសង្គម មនុស្សមិនអាចរស់ឯកានៅកណ្ដាលកោះបានទេ បើមិនដូច្នោះទេ ក៏មិនខុសអីពីសត្វពាហនៈដែរ។ ព្រះរាមចេះក្បួនសិល្បសាស្ត្រដ៏អស្ចារ្យមិនមែនត្រឹមតែពឹងលើសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ គឺមានគ្រូជាអ្នកបង្ហាត់បង្រៀនផងដែរ។ ទ្រង់ធ្វើសង្គ្រាមឈ្នះដោយមានសម្ព័ន្ធមិត្តជាកម្លាំង។ យ៉ាងណាមិញ ប្រជាជននៅភូមិក្រាំងលាវក្នុងរឿងភូមិតិរច្ឆាន អាចសម្លាប់បារាំងបាដេស បាន ក៏ព្រោះតែការរួមសាមគ្គីដូចគ្នា រីឯព្រះជិនវង្ស អាចរួចជីវិតពីសេចក្ដីស្លាប់ ក៏ព្រោះតែជួយជ្រោមជ្រែងពីអ្នកជិតខាងដូចគ្នា។
សរុបមកឃើញថា រាល់កិច្ចការសព្វសារពើ ត្រូវតែមានចំណែកពីបុគ្គលចាប់ពីពីរនាក់ឬច្រើននាក់ឡើងទៅ អាចសម្រេចបានល្អ។
តាមការបកស្រាយខាងលើនេះ សរបញ្ជាក់ឲ្យឃើញថា សុភាសិតនេះពិតជាល្អណាស់សម្រាប់មនុស្សគ្រប់រូប មិនត្រឹមតែអាចយកទៅក្នុងសង្គមខ្មែរបានប៉ុណ្ណោះ គឺគេអាចយកទៅអនុវត្តបានគ្រប់ប្រទេសនៅក្នុងពិភពលោក ហើយវាមានតម្លៃដ៏មហាសាលសម្រាប់ជីវិតមនុស្ស ប៉ុន្តែគេមិនអាចនិយាយថាសុភាសិតនេះត្រឹមត្រូវទាំងស្រុងនោះទេ ដោយហេតុថា រាល់ថាកិច្ចការទាំងឡាយត្រូវតែមានការចូលរួមជាមួយអ្នកដទៃផងដែរ មិនអាចធ្វើតែម្នាក់ឯងបានទេ ត្រូវការមនុស្សជួយបង្វែរទិសដៅ រិះគន់ស្ថាបនា គាំទ្រ និងជួយផ្ដល់កម្លាំងចិត្តផងដែរ។ ដូចនេះ សុភាសិតនេះពិតជាមានតម្លៃណាស់ គ្រាន់តែខ្វះខាតបន្តិចប៉ុណ្ណោះ គេអាចយកទៅប្រើការបាន តែកុំយល់ភ្លេចមើលមនុស្សជុំវិញខ្លួនផង។
ដោយ រស់ វាសនា
ពិតជាល្អខ្លាំងណាស់
ReplyDeleteWoooow thx for telling!
ReplyDeleteល្អណាស់លោកគ្រូ។💞♥️👍
ReplyDeleteល្អខ្លាំងណាស់លោកគ្រូនិងអ្នកគ្រូ
ReplyDeleteចូលចិត្តការតែងណាស់ អរគុណ🙏
ReplyDeleteចូលចិត្តការតែងណាស់ អរគុណ🙏
ReplyDelete