និពន្ធដោយលោក សួន សុរិន្ទ
១- សម ជាយុវកសិករ កំព្រាឪពុកម្ដាយ មានប្រពន្ធឈ្មោះនាង សយ ជាកូនកំព្រាដូចគ្នា។
ដោយភាពក្រីក្រ ពួកគេទាំងពីរបានចេញពីស្រុកកំណើតទៅប្រកបមុខរបរធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ។ សម ធាក់ស៊ីក្លូបញ្ច្រាសទិស ត្រូវបង់ពិន័យ។ ដោយរកប្រាក់បង់ថ្លៃស៊ីក្លូមិនបាន អ្នកស្រី គឹមលាង ស្ដីបន្ទោស រួចដកស៊ីក្លូ លែងឲ្យធាក់ ចំណេកឯតាសានវិញ ក៏បានបណ្ដេញ សម និង សយ ឲ្យចាកចេញពីខ្ទមផងដែរ ព្រោះអ្នកទាំងពីររកលុយបង់ថ្លៃឈ្នួលមិនបាន។
២- មុននឹងចាកចេញពីខ្ទមកម្សត់នេះ សៅ ជាមេក្រុមចោរប្លន់ បានបបួល សម ឲ្យចូលដៃធ្វើសកម្មភាពជាមួយខ្លួន តែ សម មិនព្រម សម នៅតែប្រកាន់យុត្តិធម៌ក្នុងខ្លួនជានិច្ច។ សម និងប្រពន្ធ បានទៅរស់នៅតាមសំយាបព្រះវិហារ នៅវត្តទួលប្រស្រី។
៣- ពេលនោះ នាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅបម្រើនៅផ្ទះថៅកែ ហុក ដោយមានការយល់ព្រមពី សម ជាប្ដីផងដែរ។ យប់មួយ ដោយមានភ្លៀងធ្លាក់ខ្លាំងផង វេលាម៉ោង ២១ ថៅកែហុក បានចូលទៅចាប់រំលោភនាងសយ ដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺចាប់ខ្លាំងពេក ព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តភក្ដិកម្មករត្រីចក្រយានរបស់ប្ដីនាងគឺ នាយម៉ី និងនាងមុំ ជាប្ដីប្រពន្ធ ដើម្បីសុំស្នាក់ទម្រាំប្ដីនាងត្រឡប់មកពីស្រុកវិញ។
៤- រសៀលថ្ងៃព្រហស្បតិ៍ សម ក៏ចុះពីរថភ្លើងបាត់ដំបងទៅរកប្រពន្ធនៅឯផ្ទះថៅកែហុក មិនឃើញ ក៏មកផ្ទះនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធ ដោយដឹងថាថៅកែនេះធ្វើអំពើមិនគប្បីមកលើប្រពន្ធខ្លួន ទោះបីប្រពន្ធនិងមិត្តភក្ដិឃាត់យ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុកដដែល។ យប់មួយ សម បានចូលទៅសម្លុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កលថៅកែ សមក៏ត្រូវគេចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសឲ្យជាប់គុកចំនួន៣ខែ។
៥- បន្ទាប់ពី សម ត្រូវបានជាប់គុក នាងសយនិងនាយម៉ី បាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំ នៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគកុក សមត្រូបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ និងឈ្មោះ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។
៦- ក្រោយពីការណែនាំអប់រំពីភូឈួយគុក សម និងសយ ក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រីដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់ សមត្រូវបានទទួលស៊ីក្លូពីសេដ្ឋីចិត្តល្អមេម៉ាយម្នាក់ឈ្មោះ យាយកាន។ ពេលសមចេញទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។
៧- រួចពីគ្រោះថ្នាក់ សមក៏បានទៅធ្វើការនៅរោងចក្រឧស្សាហកម្មសាប៊ូ។ ដោយសារការព្យាយាម នៅពេលកាបូរ៉ាល់លាឈប់ ថៅកែក៏តែងតាំងសមជំនួស ព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សហកម្មនេះផង។ សេង អាន ជាកូនថៅកែ សេង លី ត្រូវទៅមើលការនៅហុងកុង ថៅកែ សេង លី ក៏បានតែងតាំងក្មួយឈ្មោះ សេង ហុង ឲ្យមើលការជំនួស។ ពេលនោះ សមត្រូវបាន សេង ហុង បណ្ដេញចេញលែងឲ្យធ្វើការ ព្រោះសមមិនស្ដាប់តាមបញ្ជារបស់ខ្លួន។
៨- សម ទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណា ត្រូវបានឋានៈជាកាបូរ៉ាល់ ប៉ុន្តែមិនបានស្ថិតស្ថេរទេ ត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូត។ ដោយមានពួកកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយ តែក្រោយមក ក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ សមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោតហើយ ក៏ក្រឡាស់ធ្វើលែងទទួលស្គាល់កម្មករដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា តទៅមុខលែងបណ្ដោយឲ្យអ្នកនយោបាយបោកប្រាស់ទៀតហើយ។ សមនឹកមមៃថា ឱហ្ន៎! អ្នកនយោបាយវាក្លាយជាអ្នកនយោបោកទេតើហ្ន៎!។
៩- នាងសយមានគភ៌ គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេ សម ទៅពឹងគ្រូពេទ្យនរាឲ្យជួយ តែគេមិនទទួលស្គាល់ បានយាយប៉ោង និងយាយប៉ោះ ខំជួយ តែមិនបានសម្រេច នាងសយក៏ស្លាប់ក្នុងពេលសម្រាលបុត្រទៅ។
១០- បន្ទាប់ពីប្រពន្ធស្លាប់ទៅ សមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀត តែមិនសមប្រកប។ សមបានទៅពឹង លោក យ៉េង ជាតំណាងរាស្ត្រដែលខ្លួនធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសល លោកយ៉េង បែរជាធ្វើមិនដឹងមិនស្គាល់ សម ទៅវិញ។
១១- បន្ទាប់មក សមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រក គ្មានអ្វីសម្គាល់ខ្លួន ក៏ត្រូវប៉ូលិសចាប់បញ្ជូនទៅប៉ុស្ត៍ចំនួនពីរបីថ្ងៃ ទើបលែងមកវិញ។
១២- ដោយខ្លួនគ្មានទីពឹង និងដោយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេក សមក៏ដាច់ចិត្តទៅប្រកបរបរឆក់ប្លន់។
១៣- បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏ព្រមយករបស់របរ ដែលនៅសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិ មិនព្រម ក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលិស ហើយបានកាត់ទោសដាក់គុកសមចំនួន៦ខែ។
១៤- សមដើរឆ្លងថ្នល់ ត្រូវឡានបុក តែត្រូវលោករដ្ឋមន្ត្រីកំលោះនាំយកទៅមន្ទីរពេទ្យ ហើយបានជួយជាសោហ៊ុយចំនួន ៥០០ រៀល ព្រមទាំងបានផ្ដាំឲ្យសមទៅរកគាត់កុំបីខាន។ តែសមបែរជាឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យសមទៅនៅថែផ្ទះលោក សមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។
១៥- ក្រោយពេលដែលអង្គសម្ដេចឪ បានរះលើផែនដីចាស់ គឺរះលើផែនដីដែលអាណានិគមបារាំងធ្លាប់ត្រួតត្រា ស្រុកមានសន្តិភាព មានការដឹកនាំដ៏ភ្លឺស្វាងពីអង្គសម្ដេចឪ សមក៏ពេញចិត្តទៅប្រកបការងារកសិករវិញដោយរីករាយ ព្រោះរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម បានបំពេញបំណងប្រជារាស្ត្រ។
១៦- ក្រោមព្រះរាជកិច្ចដឹកនាំរបស់អង្គសម្ដេចឪ ទីក្រុងភ្នំពេញរីកចម្រើនគ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិផងដែរ។
ចប់
ទាញអត្ថបទសង្ខេប
សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម
No comments:
Post a Comment