ក្រោយពីឪពុកប៊ុន ធឿន គឺ ចឹក ប៊ុនថន លិចស្រូវនៅកណ្ដាលទន្លេសាបធ្វើឲ្យគ្រួសារនេះធ្លាក់ខ្លួនក្រ និងជំពាក់បំណុលគេរុំកោះ រីឯប៊ុន ធឿន ដែលជាកូនក៏មានទឹកមុខស្រងូតស្រងាត់ពន់ពេក។ ថ្លែងពីយាយនួនដែលជាម្ដាយវិធាវី ពេលដែលបានឮដំណឹងនេះហើយ ក្នុងចិត្តក៏ជ្រួលច្របល់ចង់ផ្ដាច់ពាក្យរវាង ប៊ុន ធឿន និងវិធាវី ប៉ុន្តែនៅមានការស្ទាក់ស្ទើរព្រោះដោយប្ដីរបស់ខ្លួនកាលនៅរស់និង ចឹក ប៊ុនថន ជាក្លើចិត្តមួយថ្លើមមួយនឹងគ្នា ដែលធ្វើឲ្យគាត់ពិបាកសម្រេចចិត្ត។ ក្រោយមក យាយចាន់ដែលជាមិត្តភ័ក្ដិរបស់យាយនួន បានមកលេងផ្ទះយាយនួនដោយនិយាយពីរឿងថៅកែ ណៃ ស៊ាន និងកូនប្រុសឈ្មោះ ណៃ ស៊តធ្វើឲ្យយាយនួនមានសង្ឃឹមកាន់តែខ្លាំងក្នុងការផ្លាស់ប្ដូរចិត្តនិងផ្ដាច់ពាក្យ។
ក្រោយមក យាយថូដែលជាម្ដាយរបស់ ណៃ ស៊ត រៀបចំចូលទៅដល់ យាយនួន អំពីរឿងនាងវិធាវី។បន្ទាប់ពីដឹងរឿងនេះមក នាងហាក់ដូចជាមិនសប្បាយចិត្តសោះ។ យាយនួនក៏បាននាំនាងវិធាវីទៅលេងខេត្តសៀមរាបប៉ុន្តែក្ដីឈឺចាប់ទុក្ខព្រួយរបស់នាងមិនរសាយសោះឡើយ ណាមួយអាល័យគូសង្សារផង មិនពេញចិត្ត ណៃ ស៊ត ផង និងមកពីអាកាសធាតុផងក៏ធ្វើឲ្យនាងធ្លាក់ខ្លួនមានជំងឺ។ យាយនួនភ័យណាស់ក៏អញ្ជើញគ្រូពេទ្យមកមើល។ គ្រូពេទ្យផ្ដាំថា កុំឲ្យនាងពិបាកចិត្តហើយកុំធ្វើឲ្យនាងទើសចិត្ត។ នៅពេលឮយាយនួនរំឭករឿង ណៃ ស៊តក៏ធ្វើឲ្យនាងកាន់តែក្ដុកក្ដួលអួលផ្សាក្នុងទ្រូងជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ ជំងឺក៏កាន់តែធ្ងន់ធ្ងរទៅៗ។ ដោយជឿតាមសម្ដីយាយថូយាយនួនបានអញ្ជើញលោកពីភ្នំសំពៅឲ្យស្រោចទឹករំដោះគ្រោះ អញ្ជើញគ្រូស្ដោះផ្លុំ និងគ្រូដេញខ្មោចជាដើម។ អប្បិយជំនឿបានធ្វើឲ្យយាយនួនជឿឡើងងប់ងុលបំផុត។ ចុងក្រោយនាងវិធាវីក៏ទទួលមរណភាព។
ថ្លែងពីប៊ុន ធឿន វិញ ក្រោយពីបានសម្រាកពីការសិក្សាមួយរយៈគេក៏ធ្វើដំណើរមកស្រុកកំណើតវិញ។ បេះដូងរបស់គេមិនអាចបំភ្លេចនាងវិធាវីបានឡើយ។ ដើម្បីរសាយចិត្ត ប៊ុន ធឿន ក៏សម្រេចចិត្តដើរព្រៃជាមួយអ្នកភូមិ។ថ្ងៃមួយ ប៊ុន ធឿន បានឃើញគេរៀបចំពិធីបុណ្យសព ក៏កើតពិភាល់ជាខ្លាំងក៏ដើរទៅមើល ទើបដឹងថានោះគឺជាពិធីបុណ្យសពរបស់នាងវិធាវី។ ហេតុការណ៍នេះរឹតតែធ្វើឲ្យ ប៊ុន ធឿន ឈឺផ្សាពេកក្រៃ។ ក្រោយពីមរណភាពទៅ នាងបានបន្សល់នូវលិខិតចុងក្រោយមួយច្បាប់ដល់ ប៊ុន ធឿន ផងដែរ មានន័យថា សុំឲ្យ ប៊ុន ធឿន កុំប្រកាន់នឹងម្ដាយខ្លួនហើយឲ្យ ប៊ុន ធឿនខំប្រឹងរៀនសូត្រនិងស្វែងរកនារីដែលខ្លួនពេញចិត្តទៅថ្ងៃអនាគតផងដែរ។
ចប់
No comments:
Post a Comment