Sunday, April 9, 2017

តើ​ពាក្យ «ប្រមាទ» និង «ប្រមាថ» មួយ​ណា​ត្រឹមត្រូវ?





ពាក្យ​ទាំង​ពីរ​ពុំ​មាន​មួយ​ណា​ខុស​ឡើយ​ ប៉ុន្តែ​វា​មាន​ន័យ​រៀងៗ​ខ្លួន​ដូ​ច​តទៅ​៖
ប្រមាទ សំ.; បា.   ( ន. )  (បមាទ) ការ​ភ្លេច​ស្មារតី, ធ្វេស​ស្មារតី, សេចក្ដី​ប្រហែស, ការ​ប្រហែស​ធ្វេស ។ កិ. ភ្លេច, ធ្វេស, ប្រហែស ស្មារតី : ជន​ណា​ប្រមាទ​ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅ​មាន​ជីវិត តាម​ដោយ​ការណ៍​ពិត ថា​ស្លាប់​ស្រេច​ហើយ ។ (ត្រូវ​ត្រង់​គ្នា​នឹង​ព្រះ​ពុទ្ធ​ភាសិត​ថា : ជន​ណា​ប្រមាទ ជន​នោះ​ទុក​ដូច​ជា​បុគ្គល​ស្លាប់ គឺ​ស្លាប់​ប្រយោជន៍​ក្នុង​លោក​នេះ​និង​ក្នុង​បរលោក) ។
ប្រមាថ សំ.  ( ន. )  ការ​បៀតបៀន​គេ, ការ​ញាំញី​គេ, កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ឲ្យ​គេ​លំបាក; ការ​មើល​ងាយ​គេ ។ ប្រើ​ជា កិ. ក៏​បាន : មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ ។ មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើល​ងាយ​ចាស់ ។ ប្រមាថ​កាត​ទាន មើល​ងាយ​បៀតបៀន​គេ​ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍ ។

ឯកសារ​ពិគ្រោះ​
សម្ដេច​ជួន ណាត វចនា​នុក្រម​ខ្មែរ

No comments:

Post a Comment

Please Subscribe to get more videos later. Thanks