Tuesday, December 31, 2019

ប្រធានបទទី១ «ខ្លួនទីពឹងខ្លួន» សមហេតុផលឬទេ? ចូរពិភាក្សា។

ប្រធានបទទី១​ សុភាសិត​មួយ​លើក​ឡើង​ថា «​ខ្លួន​ទី​ពឹង​ខ្លួន​»​ តើ​សម​ហេតុ​ផល​ដែរ​ឬ​ទេ​? ចូរ​ពិភាក្សា​។​
សេចក្ដី​អធិប្បាយ​
        ចំណេះ​ដឹង​ ទ្រព្យសម្បត្តិ​មាស​ប្រាក់​ មិន​ដែល​កើត​ឡើង​ដោយ​ឯកឯង​នោះ​ឡើយ ទាល់​តែ​យក​ដៃ​ទៅ​ធ្វើ​ទើប​អាច​ទទួល​​បាន​ និយាយ​ឲ្យ​ខ្លី​ទៅ​ គ្មាន​​អ្នក​ណា​ចាំ​ជួយ​រហូត​ទេ​ លុះ​ត្រា​តែ​សាមី​ខ្លួន​នោះ​ចេះ​ក្រោក​ឈរ​ឡើង​ និង​មាន​ការ​ភ្ញាក់រឭក​ទើប​បាន​ មាន​តែ​ខ្លួន​ឯង​​ទេ​ដែល​អាច​ជួយ​ខ្លួន​ឯង​បាន​។ ដើម្បី​ជា​ការ​ដាស់​តឿន​បន្ថែម​នោះ​ ក៏​មាន​សុភាសិត​មួយបាន​លើក​ឡើង​ថា   «​ខ្លួន​ទី​ពឹង​ខ្លួន​»​ 
          តើ​សុភាសិត​នេះ​សម​ហេតុ​ផល​ហើយ​ឬ​នៅ​?
          មុន​នឹង​ឈាន​ដល់​ការ​វែកញែក​ ជា​បឋម​គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឹះ​សំខាន់​ៗ​ជាមុន​សិន​ ដូចជា​ «ខ្លួន​»​ និង​ «​ទីពឹង​»​ «ខ្លួន​» សំដៅ​ទៅ​លើ​សព៌ាង្គកាយ​ រី​ឯ​ «​ទីពឹង​»​ គឺ​មាន​ន័យ​ថា​ ពំនាក់​អាស្រ័យ​លើ​ ឬ​ពឹង​ផ្អែក​ទៅ​លើ​។ តាមរយៈ​សុភាសិត​ទាំង​មូល​​ គេ​ចង់​​និយាយ​ថា​ មាន​តែ​ការ​តស៊ូ​ចេញ​ពី​ខ្លួន​ឯង​ទេ ទើប​​ទៅ​ដល់​គោលដៅ​បាន​។
          ការ​ពិត​ណាស់​​ គេ​អាច​សង្កេត​​មើល​នៅ​តាម​សាលា​រៀន​ជាច្រើន​ ​សិស្ស​មួយ​ចំនួន​រៀន​ពូកែ​ណាស់​ រហូត​ទទួល​ការ​កោត​សរសើរ​ស្ញប់ស្ញែង​ពី​សំណាក់​មិត្តភ័ក្ដិ គ្រូ​បង្រៀន។​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេ​មាន​ទម្លាប់​យ៉ាង​ល្អ​ ទាំង​ក្នុង​ពេល​សិក្សា​ និង​​នៅ​ផ្ទះ​ ហើយ​ប្រឹង​ប្រែង​រៀន​សូត្រ​មិន​ដែល​ខាន​ឡើយ ដែល​ខុស​ពី​សិស្ស​មួយ​ចំនួន​តែងតែ​ប្រឹង​រៀន​តែ​ពេល​ជិត​ដល់​ថ្ងៃ​ប្រលង​ ហើយ​ទិញ​ធូប​ទៀន​មក​បន់​​ស្រន់​ព្រះ​​ឬ​ទេវតា​ ដើម្បី​ឲ្យ​ខ្លួន​ប្រឡង​ជាប់​។​ ត្រង់​ករណី​នេះ​សិស្ស​ដែល​ខ្វះ​ការ​តស៊ូ ច្រើន​តែបាន​ចំណាត់​ថ្នាក់​ទាប ឬ​ធ្លាក់​ រី​ឯ​សិស្ស​ដែល​មាន​ការ​អត់ធ្មត់​​រមែង​​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ លទ្ធផល​​ទាំង​នេះ​ សុទ្ធ​តែ​​កើត​ឡើង​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​​របស់​បុគ្គល​នោះ​ឯង​។ បន្ថែម​ពី​នេះ​ ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​ទាំង​ឡាយ​ មិន​ដែល​ហូរ​ចូលទទេ​បាន​ឡើយ​ ទាល់តែ​ចេញ​ទៅ​ស្វែង​រក​ទើប​អាច​ទទួល​បាន​ មាន​ការងារ​ខ្លះ​ស្រួល ខ្លះ​ពិបាក​ ត្រូវ​ឈរ​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ និង​ប្រឹងប្រែង​បំផុត​ ខ្លះ​ទៀត​ហ៊ាន​លះបង់​ជីវិត​ ពេល​វេលា និង​សេចក្ដី​សុខ​របស់​ខ្លួន​ គ្មាន​ទេវតា​ឯណា​ មក​ជួយ​នោះ​ឡើយដូច​​ពាក្យ​​ចាស់​លោក​តែង​ពោល​ថា បើ​ចង់​ឲ្យ​ព្រះ​ជួយ​ ត្រូវ​ជួយ​ខ្លួន​ឯង​​ជាមុន​សិន​ ហើយ​ក៏​ដូចជា​ពាក្យ​ប្រដៅ​​មួយ​នៃ​ច្បាប់​ស្រី​ហិតោបទេស​បាន​​លើក​ឡើង​ថា​ «គ្មាន​ម្រឹគ​ឯណា​បោល​ចូល​មាត់​សីហៈ​ដែល​កំពុង​ដេក​នោះ​ឡើយ»​ បាន​ន័យ​ថា​ បើ​ចង់​​មាន​ ទាល់​តែ​ខំ​ធ្វើ​ការ​។​ ​បន្ថែម​ពី​នេះ​​ ការ​ប្រកប​របរ​វិជ្ជាជីវៈ​ផ្សេង​ៗ​ ដូចជា​ វិស្វករ គ្រូ​ពេទ្យ​ មេធាវី​ គ្រូ​បង្រៀន​ជាដើម​ សុទ្ធ​សឹង​តែ​កើត​ឡើង​ពី​សមត្ថភាព​ពិត​ៗ​​របស់​មនុស្ស​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ និង​ស្រាវជ្រាវ​យ៉ាង​ខ្លាំង​ ទើប​អាច​ទទួល​កិច្ច​ការ​ទាំង​នោះ​បាន​។ ដោយ​ឡែក​ បើ​ក្រឡេក​មក​មើល​ស្នាដៃ​អក្សរសិល្ប៍​ ដូចជា​​រឿង​កុលាប​ប៉ៃលិន​ជា​ដើម ចៅចិត្រ​តែងតែ​ចងចាំ​​នូវ​បណ្ដាំ​ឪពុក​ជានិច្ច​​ គឺ​ត្រូវ​ចេះ​ពឹង​ពាក់​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​​ មិន​ចាំ​ឲ្យ​តែ​គេ​ជួយ​គ្រប់​ពេលវេលា​​នោះ​​ទេ​ ក្រោយ​មក​ចៅចិត្រ​ក៏​ទទួល​ការងារ​ជា​កម្មករ​ជីក​ត្បូង ​ប៉ុន្តែ​គេ​នៅ​តែ​ស្រឡាញ់​ការងារ​នោះ​ជានិច្ច​ និង​ខំ​ធ្វើ​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​​ រហូត​ដល់​​ចៅហ្វាយ​នាយ​ពេញចិត្ត​​ និង​ស្រឡាញ់​ ត្រង់​ករណី​នេះ​ដោយ​សារ​រូប​គេ​ឧស្សាហ៍​ព្យាយាម​​ និង​មិន​ដែល​​ប្រចាំ​គ្នា​ឡើយ​ ហើយ​លទ្ធផល​ដែល​គេ​ទទួល​បាន​ គឺ​កើត​ចេញ​ពី​ខ្លួន​គេ​ផ្ទាល់​តែ​ម្ដង​។ បន្ថែម​ពី​នេះ​ នៅ​ក្នុង​រឿង​សូផាត​ ដែល​ជា​វណ្ណកម្ម​របស់​លោក​ រីម​ គីន​ ស្ថិត​នៅ​ក្នុង​ចលនា​អក្សរសិល្ប៍​ខេមរ​និយម​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​​ពី​ការ​តស៊ូ​​របស់​សូផាត​ ទោះ​បី​រូប​គេ​ជា​ក្មេង​កំព្រា​ក្ដី​ ក៏​​គេ​មិន​ដែល​ដែល​បណ្ដោយ​ខ្លួន​តាម​ព្រហ្មលិខិត​ដែរ​។​ ម្យ៉ាងវិញទៀត​ រឿង​ទុំទាវ​នោះ​វិញ​ ព្រះ​ភិក្ខុ​សោម​ បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ពី​ការ​រើ​បម្រះ​​ប្រឆាំង​នឹង​ប្រពៃណី​ចាស់​គំរឹល​ ហើយ​ពួកគេ​​បាន​សម្រេច​បំណង​ដូចគ្នា​ ហើយ​ព្រះ​រាជា​បាន​រៀបការ​ឲ្យ​ដោយ​ស្រប​ច្បាប់​ រី​ឯ​រឿង​ធនញ្ជ័យ​វិញ​ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​ ការ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ចិន​គឺ​បណ្ដាល​មក​ពី​ប្រាជ្ញា​គេ​នេះ​ឯង​យ៉ាង​ពិត​ប្រាកដ​ គ្មាន​អាទិទេព​ណា​ជួយ​បាន​ឡើយ​ ប្រសិន​បើ​គ្មាន​គេ​ទេ​ ស្រុក​ខ្មែរ​ប្រហែល​ជា​ធ្លាក់​ក្នុង​ចំណុះ​ចិន​ជា​មិនខាន​។ ត្រង់​ចំណុច​នេះ​ ​បាន​ស​បញ្ជាក់​​​ឲ្យ​ឃើញ​ថា​ បញ្ញា​របស់​ធនញ្ជ័យ​ កើត​ឡើង​ពី​ខ្លួន​គេ​ផ្ទាល់​ដែល​ជា​ការ​ពិចារណា​រក​ហេតុផល​ដ៏​ល្អ​។​ មួយ​វិញ​ទៀត​ ក្នុង​រឿង​ផ្កា​ស្រពោន​​របស់​លោក នូ ហាច​ បាន​លើក​ឡើង​ពី​សេចក្ដី​អំណត់​របស់​ ប៊ុន ធឿន​ ទោះ​បី​គេ​ធ្លាក់​ខ្លួន​ក្រ​យ៉ាង​ណា​ក្ដី​ ក៏​គេ​មិន​ដែល​បាត់បង់​ក្ដី​សង្ឃឹម​ឡើយ​ គឺ​រឹត​តែ​ខិតខំ​​​រៀន​សូត្រ​រហូត​ទទួល​បាន​ជោគជ័យ​។​ ក្រៅ​ពី​នេះ​ នៅ​ក្នុង​រឿង​ពុទ្ធិសែន​ ​ដែល​ជា​អក្សរសិល្ប៍​បុរាណ​​បែប​ពុទ្ធ​និយម​ ក៏​បាន​លើក​ឡើង​ពី​សមត្ថភាព​របស់​គេ​ពុទ្ធិសែន​ យ៉ាង​ពិត​ប្រាកដ​ ដើម្បី​ជួយ​ព្យាបាល​ភ្នែក​ម្ដាយ​និង​អ៊ំ​ស្រី​ទាំង​ដប់​មួយ​ឲ្យ​ជា​សះ​ស្បើយ​។​ សរុប​មក​ មាន​តែ​ការ​ពឹង​លើ​ខ្លួន​ឯង​ទេ​ ទើប​ល្អ​​ប្រសើរ​ ហើយ​មិន​មាន​អ្នក​ណា​ជួយ​​ខ្លួន​គ្រប់​ពេលវេលា​​នោះ​ទេ​ ដូច​ពាក្យ​ចាស់​ថា បើ​ចង់​ឲ្យ​ព្រះ​ជួយ​ ទាល់​តែ​ជួយ​ខ្លួន​ឯង​សិន​​។ ដូចនេះ​ មតិ​ប្រធាន​ខាង​លើ​ពិត​ជា​ត្រឹមត្រូវ​មែន​។
          ​ផ្ទុយ​ទៅ​វិញ​ ការ​ពឹង​ពាក់​លើ​ខ្លួន​ឯង​តែ​ម្យ៉ាង​ មិន​អាច​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ​ ដែល​ត្រូវ​ការកត្តា​ផ្សេងៗ​​​​ចូលរួម​ជាច្រើន​ គឺ​ទាមទារ​ឲ្យ​បុគ្គល​ទាំង​នោះ​​បង្កើន​ទំនាក់ទំនង​ល្អ​ ចេះ​ចូលរួម​ ​​​​​​​​​​និង​ទទួល​ការ​ជ្រោមជ្រែង​ពី​អ្នក​ផ្សេង​ផង​ដែរ​។​ ជាក់ស្ដែង​ កិច្ចការស្រែ​ចម្ការ​​មិនមែន​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ​ យ៉ាង​ហោច​ណាស់​ក៏​មាន​គោក្របី​ គោយន្ត​ និង​កម្លាំង​មនុស្ស​ផង​ដែរ​ សំខាន់​ជាង​​នេះ​ទៅ​ទៀត​ នៅ​ពេល​ប្រមូល​ផល​ គេ​សង្កេត​ឃើញ​ថា​ ប្រជា​កសិករ​ភាគ​ច្រើន​មាន​ប្រាជ្ញា​ឈ្លាសវៃ​​ ចេះ​យក​ដៃ​គ្នា​មក​ប្រើ​ មិន​យូរ​ប៉ុន្មាន​ក៏​ច្រូត​កាត់​អស់​យ៉ាង​លឿន​។ មួយ​វិញ​ទៀត​ ក្នុង​ការ​បំពេញ​ការងារ​ផ្សេង​ៗ​ ចាំបាច់​ណាស់​នូវ​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ​ ឧទាហរណ៍​ នៅ​ពេល​ប្រជាជន​សាង​សង់​ផ្ទះ​ម្ដង​ៗ​ មាន​មនុស្ស​ចូល​រួម​ ខ្លះ​លើក​សសរ​ ខ្លះ​លើក​ក្ដារ​ ខ្លះ​ដំ​ជញ្ជាំង​ ហើយ​ខ្លះ​ទៀត​ប្រក​ដំបូល​ មិន​យូរ​ទេ ​ផ្ទះ​នោះនឹង​ចេញ​ជា​រូបរាង​ឡើង​ រី​ឯ​ការ​កសាង​ប្រាសាទ​វិញ​ក៏​មិន​​ខុស​គ្នា​ប៉ុន្មាន​ដែរ​ ជាក់​ស្ដែង​​​ ​ការ​ស្ថាបនា​​អង្គរវត្ត​ គឺ​ត្រូវ​ការ​កម្មករ​រាប់​លាន​នាក់​។ បន្ថែម​ពី​នេះ​ ការ​រៀន​សូត្រ​ឲ្យ​ពូកែ​មិន​មែន​ពឹង​តែ​លើ​ខ្លួន​ឯង​តែ​ម្យ៉ាង​នោះ​ទេ ចាំ​បាច់​ត្រូវ​មាន​គ្រូ​ចាំ​ផ្ដល់​​ដំបូន្មាន​ និង​ជួយ​កែ​លម្អ​ ហើយ​ក៏​ត្រូវ​ការ​ការ​ជ្រោមជ្រែង​ពី​​​មិត្ត​ភ័ក្ដិ​ បង​ប្អូន​ និង​អ្នក​ជិត​ខាង​ទៀត​ផង​។​ ដោយឡែក​ បើ​ក្រឡេក​មក​មើល​ស្នាដៃ​អក្សរសិល្ប៍​វិញ​ គេ​ឃើញ​តួអង្គ​ចៅចិត្រ​​ នៅ​ក្នុង​រឿង​កុលាបប៉ៃលិន​ អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​បាន​ ក៏​ដោយ​សារ​គ្រូពេទ្យស្អាត​​ជួយ​ផង​ដែរ​។​ ដំបូង​ឡើយ​ គ្រូ​ពេទ្យ​ស្អាត​​បាន​ជួយ​មើល​ជំងឺ​​តា​ចឺម​​ ប៉ុន្តែ​ក្រោយ​មក​ ដោយ​សារ​តែ ​តា​ចឺម​ ត្រូវជាឪពុកបានទទួលមរណភាព​​ រួមផ្សំនឹងការអាណិត​​អាណិត​ចៅ​ចិត្រ​ផង​នោះ​ គាត់​ក៏​បាន​សរសេរ​សំបុត្រ​​មួយ​ច្បាប់​​ឲ្យ​ចៅចិត្រ​ យក​ទៅ​ប៉ៃលិន​ ហើយ​ក៏​បាន​ទទួល​ការងារ​ជា​កម្មករ​ជីក​ត្បូង​​របស់​លោក​​ហ្លួង​រតនសម្បត្តិ​ កុំ​តែ​បាន​គ្រូ​ពេទ្យ​ស្អាត​ ម្ល៉េះ​គេ​ក៏​គ្មាន​ការងារ​ធ្វើ​ និង​គ្មាន​ឱកាស​បញ្ចេញ​ទេពកោសល្យ​ឡើយ​ ចំណែក​ឯ​រឿង​សូផាត​វិញ​ ក៏​បាន​បង្ហាញ​ពី​ការ​ជួយ​ជ្រោមជ្រែង​​ពី​​អ្នក​ជិត​ខាង​ក្នុង​ការ​ទំនុកបម្រុង​​សូផាត​ឲ្យ​ធំ​ធាត់​ សម្រាប់​តស៊ូ​​ក្នុង​ឆាក​​ជីវិត​តទៅ​ទៀត​ដែរ​។ ក្រៅ​ពី​នេះ​ អក្សរសិល្ប៍​បុរាណ​បែប​ពុទ្ធនិយម​​ គឺ​រឿង​ពុទ្ធិសែន​ ក៏​បាន​លាត​ត្រដាង​យ៉ាង​ច្បាស់​ថា​ ការ​ពឹង​លើ​សមត្ថភាព​​ខ្លួន​ឯង​​តែ​ម្យ៉ាង​​ មិន​អាច​ទៅ​រួច​ទេ​ ជាក់ស្ដែង​​នៅ​ពេល​ពុទ្ធិសែន​នាំ​​សារលិខិត​​ទៅ​នគរ​យក្ស​ ​ដោយ​ខ្លឹម​សារ​សំបុត្រ​នោះ​​មាន​ន័យ​ថា​ ទៅ​ដល់​ទាំង​ថ្ងៃ​ ស៊ី​ទាំង​ថ្ងៃ​ ទៅ​ដល់​យប់​ ស៊ី​ទាំង​យប់​ ប៉ុន្តែ​ក៏​ត្រូវ​តា​ឥសី​ជួយ​ កែ​ថា​ ទៅ​ដល់​ថ្ងៃ​ ការ​ទាំង​ថ្ងៃ​ ទៅ​ដល់​យប់​ ការ​ទាំង​យប់​។ ត្រង់​ចំណុច​នេះ​ ​កុំ​តែ​បាន​តា​ឥសី​ជួយ​ ម្ល៉េះ​ប្រហែល​ពុទ្ធិសែន​ត្រូវ​ស្លាប់​បាត់​ទៅ​ហើយ​។ លើស​ពី​នេះ​ គេ​ដឹង​ហើយ​ថា​ ក្នុង​រឿង​រាមកេរ្តិ៍ ព្រះរាម​អាច​យក​ឈ្នះ​ក្រុង​រាពណ៍​បាន​ ​មិន​មែន​​ធ្វើ​ដោយ​ព្រះ​អង្គ​ឯង​ឡើយ​ គឺ​មាន​អ្នក​ជួយ​​ជាច្រើន​ ដូចជា​ សុគ្រីព​ ហនុមាន​ ព្រះ​លក្ស្មណ៍​ និង​ពិភេក​ហោរា​ជាដើម​។ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​ចូល​រួម​នៃ​បណ្ដា​កង​ទ័ព​ស្វា​យ៉ាង​ច្រើន​ផង​ដែរ​។ សរុប​មក​ ការ​ពឹង​ពាក់​តែ​លើ​ខ្លួន​ឯង​សុទ្ធសាធ​ នឹង​គ្មាន​ផ្លូវ​អាច​ទៅ​មុខ​រួច​ឡើយ​ គឺ​ចាំបាច់​ណាស់​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ចេះ​ស្វែង​រក​ការ​គាំទ្រ​ការ​ជ្រោម​ជ្រែង​ពី​សំណាក់​បុគ្គល​ជោគជ័យ​នានា​ ទើប​អាច​​សម្រេច​បាន​។
          យោង​តាម​មតិ​ទាំង​ពីរ​ខាង​លើ​ គេ​អាច​អះអាង​ថា​ ​គឺសុទ្ធ​តែ​ត្រឹមត្រូវ​ដូចគ្នា​ ធ្វើ​ជា​មនុស្ស​ត្រូវ​ចេះ​ពង្រឹង​ពង្រីក​ចំណេះ​វិជ្ជា បង្កើន​​សមត្ថភាព​ ហើយ​ក៏​ត្រូវ​មាន​ទំនាក់​ល្អ​ផង​ដែរ​ បាន​មាន​ន័យ​ថា​ ពឹង​ពាក់​លើ​ខ្លួន​ឯង​ក៏​ត្រូវ​ការ​ ពឹង​ពាក់​លើ​អ្នក​ដទៃ​ក៏​ត្រូវ​ការ​ និយាយ​ឲ្យ​ចំ​ទៅ​ មនុស្ស​មិន​អាច​រស់​ឯកា​តែ​ម្នាក់​ឯង​បាន​ឡើយ​។
          ដោយ​ផ្អែក​តាម​ការ​ធ្វើ​សំយោគ​ខាង​លើ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ មតិ​ប្រធាន​ខាង​លើ​ក៏​ត្រឹម​ត្រូវ​ខ្លះ​ដែរ​ ប៉ុន្តែ​​ពុំ​ទាន់​ថា​អាច​នាំ​មក​នូវ​ជោគជ័យ​ ឬ​ត្រឹម​ត្រូវ​​ទាំង​ស្រុង​នោះ​ឡើយ​​។ ក្នុង​នាម​ជា​មនុស្ស​ គួរ​គប្បី​​ខិត​ខំ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ថែម​ទៀត​​
 
​​

1 comment:

Please Subscribe to get more videos later. Thanks