Tuesday, December 31, 2019

រឿងរាមកេរ្តិ៍ សង្ខេប | គ្រប់ខ្សែ

យើងបានឃើញស្នាដៃអក្សរសិល្ប៍ខ្មែរជាច្រើន ដែលមានកាលបរិច្ឆេទនិពន្ធ ឬកាល​បរិច្ឆេទ​បោះពុម្ព ដែលជាការបង្កលក្ខណៈងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ ប៉ុន្តែផ្ទុយពីស្នាដៃទាំងនោះ រឿងរាមកេរ្តិ៍របស់ខ្មែរយើងដែលជាស្នាដៃកំពូលមានតម្លៃស្មើនឹងប្រាសាទអង្គរវត្តនោះ ពុំមានកាលបរិច្ឆេទឡើយ។
បុព្វបុរសជាអ្នកសិក្សាស្រាវជ្រាវពីសម័យមុខៗ និងអ្នកសិក្សាស្រាវជ្រាវសម័យបច្ចុប្បន្នបានមានទស្សនៈស្ដីពីបញ្ហានេះដូចតទៅ៖
 - លោកសាស្ដ្រាចារ្យ ញ៉ុក ថែម យល់ថាខ្សែទី១ ដល់ទី១០ តែងក្នុងស.វ.ទី១៧-១៨ និងពីខ្សែទី៧៥ ដល់ខ្សែទី៨០ តែងក្នុងស.វ.ទី១៨-១៩. 
 -  លោក ឃីង ហុកឌី សំអាងទៅលើអត្ថបទសិក្សាកថារបស់លោកស្រី សាវរស ពៅ ដែលបានចែករឿងរាមកេរ្តិ៍ជាពីរជំពូក ឬជាពីរផ្នែកធំៗ គឺរាមកេរ្តិ៍ផ្នែកទី១ ត្រូវនឹងពុទ្ធសាសនបណ្ឌិត្យភាគ១ ដល់ភាគ១០ មានទាំងអស់ ៥០៣៤ វគ្គ កំណាព្យសាងនិងតែងឡើងនៅរវាងស.វ.ទី១៦-១៧ ឯរាមកេរ្តិ៍ផ្នែកទី២ ត្រូវនឹងសៀវភៅពុទ្ធសាសនបណ្ឌិត្យភាគ៧៥-៨០ មានទាំងអស់ ១៧៧៤ វគ្គ កំណាព្យ តែងឡើងនៅរវាងពាក់កណ្ដាលស.វ.ទី១៨។ ការបញ្ជាក់សករាជនិងសម័យនេះ យោងទៅលើការសិក្សាបែបនិរុត្តិសាស្ត្រ។
 - លោកសាស្ត្រាចារ្យ សរ សារុន យល់ថាគេមានវិធីបីយ៉ាងដើម្បីស្រាវជ្រាវរកកាលបរិច្ឆេទរឿងរាមកេរ្តិ៍ គឺវិធីទីមួយគេ​​អាចប្រៀបធៀបពាក្យសម្ដី ឃ្លា ប្រយោគដែលមានប្រើក្នុងអត្ថបទរឿងរាមកេរ្តិ៍ខ្មែរទៅនឹងអក្សរសិល្ប៍សម័យណាមួយ។ វិធីទីពីរ គេអាច​ប្រៀបធៀបដំណើររឿងក្នុងអត្ថបទរាមកេរ្តិ៍ខ្មែរទៅនឹងដំណើររឿងដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ។ គេរកឃើញមាន​ប្រាសាទ​បីដែលមានដំណើររឿងទាក់ទងនឹងរាមកេរ្តិ៍ ដូចជាប្រាសាទកោះកេរ (ដើមស.វ.ទី១០) ប្រាសាទបន្ទាយស្រី (ពាក់​កណ្ដាល​ស.វ.​ទី​​១១) និងប្រាសាទអង្គរវត្ត (ដើមស.វ.ទី១២)។
តាមចម្លាក់ទាំងឡាយនៅប្រាសាទទាំងនេះ គេនៅតែពិបាកបញ្ជាក់កាលបរិច្ឆេទនៃរឿងរាមកេរ្តិ៍ដដែល ពីព្រោះដំណើរ​រឿង​​​នៃចម្លាក់ទាំងអស់នេះ បានទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរផង និងរឿងរាមាយណៈឥណ្ឌាផង។ វិធីមួយទៀត វិធីទីបី គេ​អាច​ប្រៀប​ធៀបសង្គមបរិយាកាសដែលកើតមាននៅក្នុងសម័យណាមួយ។
តាមដំណើររឿងរាមកេរ្តិ៍ខ្មែរ គេអាចដកស្រង់នូវសង្គមបរិយាកាសដែលស្ថិតនៅលើទំនាស់សាសនា រវាងសាសនាព្រះវិស្ណុ និងព្រះពុទ្ធសាសនា។ អ្នកនិពន្ធខ្មែរពុំមានបំណងលើកតម្កើងព្រះរាម ហើយក៏ពុំហ៊ានចេញមុខរិះគន់ព្រះរាមដែរ គឺគ្រាន់តែជាការឆ្លៀតឱកាសតាមដំណើររឿង ដើម្បីបញ្ចុះតម្លៃព្រះរាម។ ជួនកាល អ្នកនិពន្ធប្រើវិធីតម្កើងព្រះរាម បន្ទាប់មកទម្លាក់ចុះមកវិញ។ តាមសង្គមបរិយាកាសនេះ គេអាចស្ទាបស្ទង់បានថា ពេលវេលានៃការតែងរឿងរាមកេរ្តិ៍ខ្មែរ ពុំមែនស្ថិតក្នុងបរិយាកាសពុទ្ធនិយមទេ។ គេអាចធ្វើសម្មតិកម្មថា ជាបរិយាកាសវិស្ណុនិយម ដោយហេតុថា អ្នកនិពន្ធពុំហ៊ានចេញមុខប្រឆាំងនឹងព្រះរាមត្រង់ៗទេ។

ដូចនេះ តាមបរិយាកាសនៃទំនាស់សាសនាបែបនេះ គេអាចសន្និដ្ឋានបានថា រឿងរាមកេរ្តិ៍ខ្មែរតែងឡើងប្រហែលចុងស.វ.ទី១២ ដើមស.វ.ទី១៣។

សង្ខេបរឿងរាមកេរ្តិ៍


ខ្សែទី១៖ នៅនគរឰយុធ្យា មានមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទទសរថ ព្រមទាំងមានមហេសីបីព្រះអង្គ គឺ ព្រះ នាងកោសកល្យាណ នាងកៃកេសី និងនាងសមុទ្រ។ មហេសីទាំងបីអង្គនេះ គ្មានព្រះរាជបុត្រសោះ។ ព្រះរាជាក៏ធ្វើបុណ្យបូជាយញ្ញសុំបុត្រ ដោយយកសេះទៅដុតទាំងរស់។ ព្រះនរាយណ៍ក៏កាលាខ្លួនជាមនុស្សខ្មៅម្នាក់ យកបាយមកប្រគល់ថ្វាយព្រះបាទទសរថ ហើយព្រះអង្គក៏យកបាយនោះចែកជាបីផ្នែក ប្រគល់ទៅឲ្យមហេសី។ ក្រោយមក មហេសីទាំងបីព្រះអង្គក៏មានបុត្រមែន គឺ ព្រះរាម ជាបុត្រនាងកោសកល្យាណ ព្រភិរុតជាព្រះរាជបុត្រនាងកៃកេសី ព្រះលក្ស្មណ៍និងព្រះសុត្រុតជាបុត្រនាងសមុទ្រ។
ព្រះរាម និងព្រះលក្ស្មណ៍បានទៅរៀនសិល្ប៍ជាមួយឥសីពិស្វាមិត្រ លុះត្រាតែចប់គម្ពីរវេទ ហើយត្រូវឥសីពិស្វាមិត្ររៀបចំ ហោមពិធីជាកិត្តិយស។ ថ្ងៃមួយ មានយក្សកាលាខ្លួនជាក្អែកខ្មៅមួយយ៉ាងធំនោះកាកនាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់។ ឥសី​ខឹងយ៉ាងខ្លាំង ហើយក៏ជប់ធ្នូសរ ឲ្យព្រះរាមបាញ់សម្លាប់កាកនាសូរមួយរំពេច។
កាលនោះ នៅនគរមិថិលា នាងសីតា បុត្រចិញ្ចឹមរបស់ព្រះបាទជនក មានវ័យគ្រប់ការ។ ព្រះអង្គក៏បានរៀបចំពិធី​លើក​​ធ្នូសរដើម្បីរើសគូស្រករឲ្យនាង។ ឥសីពិស្វាមិត្រក៏នាំព្រះរាម និងព្រះលក្ស្មណ៍ទៅលើធ្នូសរព្រះបាទជនក ដើម្បី​យក​នាង​សីតា​ធ្វើ​ជាមហេសី។ នៅទីនោះ មានបេក្ខជនជាច្រើនរូបមកពីភពទាំងបី។ សូម្បីតែព្រះឥសូរក៏ចុះមកដែរ ប៉ុន្តែបេក្ខជនរូបណា​អាច​ធ្នូដសររួចបានឡើយ គឺមានតែព្រះរាមមួយអង្គទេដែលលើករួច។ ព្រះបាទជនកក៏ឲ្យដំណឹងទៅព្រះបាទទសរថ ដើម្បីមកជាអធិបតី​ក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសីតា។ 

ក្រោយមក ព្រះរាម ព្រះលក្ស្មណ៍ និង​នាងសីតា និងព្រះបាទទសរថដសថ បានធ្វើដំណើរនិវត្តន៍មកនគរឰយុធ្យាវិញ ហើយបានជួបជាមួយគ្រូសិល្ប៍ឈ្មោះរាមបរមសូរនៅកណ្ដាលផ្លូវ។ រាម​បរមសូរ​បាន​ចោទ​ប្រកាន់ថា ព្រះរាមលួចឈ្មោះរបស់ខ្លួន ត្រូវតែមកសុំទោសខ្លួន។ ព្រះរាមក៏ផ្ចាញ់រាមបរមសូរក្នុងពេលនោះ។ លុះមកដល់នគរ ព្រះ​បាទទសរថមានបំណងចង់ឲ្យព្រះរាមឡើងសោយរាជ្យស្នងព្រះអង្គ ប៉ុន្តែនាងកៃកេសីទូលជំទាស់ ដោយសំអាងលើពាក្យសច្ចៈដែល​ព្រះបាទទសរថ បានសន្យាថា នឹងឲ្យបុត្រនាងឡើងសោយរាជ្យ នៅពេលដែលច្បាំងឈ្នះព្រះអាទិត្យ។ ព្រះបាទទសរថមានគំនិត​ចង់បំបែកនគរជាពីរផ្នែក ប៉ុន្តែនាងកែកេសីមិនព្រមឡើយ ក៏បណ្ដេញព្រះរាមឲ្យទៅរស់នៅក្នុងព្រៃ ១៤ ឆ្នាំ ទើបអាចចូល មក​សោយ​រាជ្យសម្បត្តិវិញ។ ព្រះលក្ស្មណ៍ប្រុងសម្លាប់នាងកៃកេសី ប៉ុន្តែព្រះរាមឃាត់។ បន្ទាប់មក ក្សត្រទាំងបីអង្គ គឺព្រះរាម ព្រះ លក្ស្មណ៍ និងនាងសីតា ក៏បានធ្វើដំណើរចូលព្រស ហើយជួបនឹងថ្មើរព្រៃម្នាក់ឈ្មោះ កូខ័ន ដែលមានរូបរាងអាក្រក់ ប៉ុន្តែមានចិត្តល្អ ជួយ​រំលែកទុក្ខព្រះរាមដោយផ្គត់ផ្គង់ម្ហូបអាហារផ្សេងៗដល់ព្រះរាម។ ព្រះរាមទុកកូខ័នជាបងប្អូនបង្កើត ប៉ុន្តែដោយ​សារ​ព្រះអង្គពុំអាចនៅទីនោះបាន ក៏លាកូខ័នទៅភ្នំចិត្រកូដ ដើម្បីបួសជាឥសី។
ខ្សែទី២៖ នៅពេលដែលព្រះរាមធ្វើដំណើរចេញពីកូខ័ន ព្រះរាមបានទតឃើញព្រៃកំពុងរីកឆេះ ដោយកម្ដៅព្រះអាទិត្យ។ នៅពេលនោះ ស្លឹកឈើដែលខ្លោច ផ្កាឈើដែលឆេះក្រៀម ក៏ស្រាប់តែរីកស្រស់ញញឹមឡើងវីញ។ ចំណែកឯព្រះអាទិត្យដែលកំពុងបញ្ចេញកម្ដៅយ៉ាងខ្លាំង ក៏ស្រាប់តែបន្ថយកម្ដៅរបស់ខ្លួន។ លុះធម្មជាតិរីកស្រស់ញញឹមហើយ  ព្រះរាមក៏បានប្រៀបធៀបផ្កាននោង ជាមាសសុទ្ធ ព្រះលក្ស្មណ៍ជាផ្កាចំប៉ា ជាមាសនព្វគុណ និងនាងកៃកេសីជាកន្លង់ ជាធ្យូង។
បន្ទាប់មក ព្រះរាមបានប្រៀបមយូរីដែលពាំទងឈូកឲ្យកូនស៊ី ស្ថានថាជាពស់ទៅនឹងនាងកៃកេសី។ ក្រោយមកទៀត ព្រះរាម បានទៅជួបនឹងឥសីពារទ្វាទ្យ ដែលបានពន្យល់ព្រះរាមឲ្យលះបង់កំហឹង និងការសោកស្ដាយ ហើយបានចង្អុលបង្ហាញផ្លូវឲ្យព្រះរាមទៅបួសជាឥសីនៅភ្នំចិត្រកូដ។
នៅជើងភ្នំនោះ បរិយាកាសក៏ប្រែប្រួលដែរ សត្វសាហាវប្រែជាស្លូត កូនខ្លារត់ទៅបៅមេប្រើស កូន ប្រើស រត់ទៅ បៅ មេខ្លា វិញ។ ក្រោយមក ព្រះរាមបានបួសជាឥសីនៅលើកំពូលភ្នំចិត្រកូដ។
នៅនគរឰយុធ្យា ព្រះបាទទសរថទ្រង់សោយទិវង្គត នាងកៃកេសីក៏បានសរសេរសំបុត្រទៅបញ្ឆោតព្រះភិរុតឲ្យមកគ្រងរាជសម្បត្តិ ប៉ុន្តែក្លែងឲ្យមកជាអធិបតីរាជាភិសេករបស់ព្រះរាម និងនាងសីតា។ ព្រះភិរុតត្រេកអរខ្លាំង ក៏ធ្វើដំណើរមកកាន់នគរភ្លាម ប៉ុន្តែ​ទ្រង់ទតខើញនគរព្រះអង្គស្ងាត់ជ្រងំ ប្រជារាស្ត្របោះបង់មុខរបរទាំងអស់។ លុះត្រង់ជ្រាបរឿងពិត ព្រះភិរុតខ្ញាល់ខ្លាំងណាស់ ហើយ​មានបំណងសម្លាប់នាងកៃកេសី ប៉ុន្តែដោយសារសេចក្ដីអង្វរកររបស់នាង ព្រះភិរុតក៏សុខចិត្តថ្វើដំណើរទៅតាមព្រះរាម ឲ្យ យាង​មកសោយរាជ្យវិញ។ ព្រះរាមមិនបានទទួលសេចក្ដីអង្វរករនេះទេ ព្រោះទ្រង់រក្សាពាក្យសច្ចៈ ហើយប្រគល់សុពណ៌បាទ តំណាង​រាជ​សម្បត្តិឲ្យទៅព្រះភិរុត។
នៅពេលដែលព្រះភិរុតចាកចេញពីទីនោះ ព្រះរាម ព្រះលក្ស្មណ៍ និងនាងសីតាក៏ចាកចេញពីភ្នំចិត្រកូដដែរ ហើយ​ធ្វើ​ដំណើរ​ទៅព្រៃទណ្ឌការណ្យទៀត បានជួបនឹងយក្សមួយឈ្មោះ ពិរាធ។


ខ្សែទី៣៖ ពេលព្រះរាម ព្រះលក្ស្មណ៍ និងនាងសីតា ធ្វើដំណើរទៅជួបយក្សពិរាធ យក្សនេះក៏ស្ទុះចូលទៅឆក់នាងសីតាបី យកទៅ។ ព្រះក្ស្មណ៍ធានាខ្លួនចេញការពារយកនាងសីតាមកវិញ ប៉ុន្តែចាញ់​ឫទ្ធានុភាពយក្ស ព្រះរាមក៏ថ្លែងសរសម្លាប់យក្សក្នុងពេល​នោះទៅ។ អន់ចិត្តនឹងឫទ្ធានុភាពរបស់ខ្លួន ព្រះលក្ស្មណ៍ក៏សុំលាព្រះរាមទៅតាំងសិល្ប៍ដើម្បីរំឭកមន្តអាគមឡើងវិញ។
ពេលនោះ មានប្អូនស្រីយក្សមួយឈ្មោះ នាងសូរបនខា បានមកសុំសេចក្ដីស្នេហាពីព្រះរាម ព្រះរាមក៏បានបញ្ជូនឲ្យទៅព្រះលក្ស្មណ៍ទៅវិញទៅមកពីរលើក។ នៅទីបំផុត ព្រះលក្ស្មណ៍ក៏កាត់ដៃ កោរសក់នាងសូរបនខា នាងបានប្រែកាលាជាយក្ខិនីវិញ ហើយបានស្រែកឮរហូតដល់ក្រុងខរជាបង។ ក្រុងខរក៏បញ្ជាឲ្យមេទ័ពយក្សម្នាក់ឈ្មោះ ខុនទូសណ៍ មកនាំយកនាងសូរបនខា ចូល​នគរ ហើយក៏លើកទ័ពចូលច្បាំងនឹងព្រះរាមភ្លាម។
ក្រុងខរបញ្ជាឲ្យខុនទូសណ៍ចូលច្បាំងមុនគេ បន្ទាប់មក ត្រីមុខ នៅបំផុត គឺក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ត្រូវវិនាស​ដោយធ្នូសររបស់ព្រះរាម។ លុះឃើញបងខ្លួនស្លាប់អស់ហើយ នាងសូរបនខា ក៏នាំយកដំណឹងនេះទៅប្រាប់ក្រុងរាពណ៍ ដែល​​ជា​ស្ដេចសោយរាជ្យនៅពិភពលង្កា ហើយក្រុងរាពណ៍បានប្រើឲ្យយក្សឈ្មោះ មហារីក កាលាខ្លួនជាប្រើសមាសទៅបញ្ឆោតព្រះរាម​។ នាងសីតាក៏បញ្ជាឲ្យព្រះរាមបាញ់ប្រើសមាសនោះ ដើម្បីយកស្បែកធ្វើកម្រាល នៅពេលដែលនាងយាងត្រឡប់មកវិញ។ ប្រើ​ស​​​​​នោះមុននឹងស្លាប់ទៅ ក៏ស្រេកជាសំឡេងព្រះរាម ឲ្យព្រះលក្ស្មណ៍ជួយ។ ព្រះលក្ស្មណ៍ដឹងថាជាកលយក្សដែរ ប៉ុន្តែ​ដោយ​ការ​បង្ខំ​របស់​នាងសីតា ក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះ ក្រុងរាពណ៍កាលាខ្លួនជាឥសីដើរតម្រង់មកជិត​នាង​​សីតា។


ខ្សែទី៤៖ ក្រោយពីព្រះលក្ស្មណ៍ធ្វើដំណើរទៅតាមព្រះរាម ក្រុងរាពណ៍ក៏កាលាខ្លួនជាឥសីចូលមកជិតនាងសីតា ហើយ​លួងលោមនាងជាច្រើនគ្រា ប៉ុន្តែមិនបានសម្រេច ក៏ឆក់នាងសីតាហោះយកទៅ។ ពេលនោះ គ្រុឌមួយឈ្មោះ ជតាយុ ចេញ​មក​​ការពារ ប៉ុន្តែត្រូវក្រុងរាពណ៍ដោះចិញ្ចៀននាងសីតាចោលបាក់ស្លាបធ្លាក់ដល់ដី បន្ទាប់មក នាងសីតាបានផ្ដាំផ្ញើនឹងកុក​ឲ្យ​យក​​​ដំណឹងនេះទូលព្រះរាម។ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួនអសោក។ ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយ​ពេល​​ដែល​បាញ់ប្រើសរួចហើយ ក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញ ក៏យំសោក ធ្វើដំណើរទៅជួបនឹងជតាយុ ដែល​បាន​ប្រាប់ដំណឹងអំពីក្រុងរាពណ៍ឆក់នាងសីតា។ ដើម្បីអរគុណជតាយុ ព្រះរាមឲ្យអាត្ម័នជតាយុចាប់កំណើតនៅស្ថាន​សួគ៌។ ព្រះរាមក៏បានទៅជួបនឹងកុក ដែលបានយកដំណឹងអំពីនាងសីតាមកប្រាប់ដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍ត្មះតិះដៀល កុក​ក៏​តិះ​ដៀល​តប​មកវិញ ប៉ុន្តែត្រូវព្រះរាម ព្រះលក្ស្មណ៍កំហែងគំរាម។ បន្ទាប់មកទៀត ព្រះរាមបានទៅជួបនឹងយក្សកុម្ព័ន្ធ ដែល​មាន​បំណង​សម្លាប់​ព្រះអង្គ ហើយព្រះអង្គក៏សម្លាប់យក្សក្នុងពេលនោះទៅ។
ចំណែកនៅក្នុងព្រៃហេមពាន្ត មានស្ដេចក្របីមួយក្បាលឈ្មោះ មហិង្សារាជ បានសម្លាប់ក្របីឈ្មោលទាំងអស់នៅក្នុងព្រៃ ហើយ​ប្រមូលយកក្របីធញីទាំងអស់ធ្វើជាប្រពន្ធ។ ម្យ៉ាងទៀត មហិង្សារាជបានសម្លាប់កូនក្របី​ឈ្មោល​របស់ខ្លួនទាំងឡាយ​ដែល​ក​ើត​​​ឡើង ដោយទុកតែកូនក្របីញីតទៅទៀត។ មានមេក្របី១ ឈ្មោះ សន្តគិរី បាន​កើត​កូន​មក​ឈ្មោល​ដាក់ឈ្មោះ ទូភី ហើយ​​មាន​បំណង​រក្សាទុកកូននោះ។ នាងសន្តគិរី ទូន្មានកូនឲ្យហាត់ប្រាណ ដើម្បីឲ្យមានកម្លាំងពលំ​បរិបូណ៌មុន​នឹង​ជ​ួប​ឪពុក។ សកម្ម​ភាព​របស់​ទូភីក៏បានសម្រេច ព្រោះមានកម្លាំងរហូតដល់វ័ធដើមឈើធំៗរលំខ្ទេចខ្ទីអស់ ហើយ​ក៏​ទៅ​អង្វរករ​ឪពុក​​ឲ្យ​ទទួល​ស្គាល់​​ខ្លួន​ជា​កូន ប៉ុន្តែមហិង្សារាជមិនយល់ព្រម។ ការប្រយុទ្ថក៏បានកើតឡើងរវាងឪពុកនិងកូន។ ទីបំផុត ទូភី​ក៏​ប្រហារ​ជីវិត​ឪពុក ហើយ​បន្ត​សកម្ម​ភាពរបស់ឪពុក។
តាំងពីពេលនោះមក ទូភីតែងតែដើររករឿងគេឯង ដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សាសមុទ្រ ហេមពាន្ត ព្រម​ទាំង​នៅទីបំផុត រករឿងពាលីដែលជាស្ដេចស្វាសោយរាជ្យនៅខាស់ខិនបុរី។ ការប្រយុទ្ធគ្នារវាងទូភី និងពាលី បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ៧យប់ ៧ថ្ងៃ នៅកណ្ដាលវាលមិនចាញ់មិនឈ្នះ។ ពាលីក៏នាំទូភីទៅប្រយុទ្ធគ្នាក្នុងគុហាមួយ ដោយបញ្ជា​ឲ្យ​សុគ្រីពជា​ប្អូនយកថ្មសន្ធប់មាត់រូង បើកាលណាឃើញឈាមក្រហមដែលជាឈាមខ្លួនហូរចេញមក។
ពាលីបានកាត់ក្បាលទូភី ចោលទម្លាយថ្មសន្ធប់មាត់រូងនោះ ហើយក៏ធ្វើដំណើរមកនគរវិញទាំងកំហឹងឆាបឆេះ។ ទោះ​បី​សុគ្រីពខំពន្យល់ការពិតយ៉ាងណា ក៏ពាលីពុំព្រមជឿដែរ ហើយបានទះក្បាលប្អូននៅចំពោះមុខមន្ត្រីទាំងឡាយ។ សុគ្រីព​ខ្មាស​គេពេក ក៏ហោះគេច តែត្រូវពាលីតាមទះតប់ ក៏ចុះមកវិញ។ ពាលីចាប់ជើងសុគ្រីពបាន បម្រុងនឹងបោកសម្លាប់នៅលើ​កំពូលភ្នំ តែសុគ្រីពរើរួច ហើយរត់ទៅជ្រកនឹងឥសីមតង្គ។ ចំណែកពាលីដែលមិនអាចចូលទៅកាន់អាស្រមនោះបាន ក៏ធ្វើ​ដំណើរ​មក​នគរ​វិញ។ ពេលនោះ ហនុមានដើរតាមរកជួបសុគ្រីព ដែលជាមាររបស់ខ្លួន។ សុគ្រីពយំសោកដោយខ្មាសរាជពានរទាំង​ឡាយ​នៅ​ក្នុង​នគរ រហូតដល់ទឹកភ្នែកហូរជាស្ទឹង។

ខ្សែទី៥៖ ពេលធ្វើដំណើរតាមរកនាងសីតា ព្រះរាមព្រះលក្ស្មណ៍ បានទៅសម្រាកក្រោមដើមស្វាយមួយ។ ព្រះរាមផ្ទំនៅលើភ្លៅព្រះលក្ស្មណ៍។ ពេលនោះ ព្រះអាទិត្យនៅនឹងថ្កល់ ថ្ងៃបាំងឆ័ត្រម្លប់ស្វាយនៅដដែលឲ្យព្រះរាមជ្រក។ ឃើញហេតុភេទដូចនេះ សុគ្រីពក៏ឲ្យហនុមានតាមរកអ្នកមានបុណ្យ។ ហនុមានបានឡើងលើដើមស្វាយ បានឃើញកងចក្រនៅបាតដៃព្រះរាម ក៏ សម្គាល់​ថា​ជាអ្នកមានបុណ្យ ហើយបេះស្លឹកស្វាយស្លុតីព្រះរាម។ ព្រះលក្ស្មណ៍ខ្លាចព្រះរាមភ្ញាក់ ក៏ទាញធ្នូបាញ់ហនុមាន ប៉ុន្តែធ្នូនោះ ត្រូវ​ហនុមានឆក់យកទៅ។ ព្រះលក្ស្មណ៍ទាញធ្នូព្រះរាមបម្រុងបាញ់ទៀត ប៉ុន្តែព្រះរាមភ្ញាក់ឡើង ហើយសួររករឿងហេតុ។ ព្រះរាម ឃើញស្វានោះប្លែកពីស្វាដទៃ ព្រោះមានកុណ្ឌលពាក់នៅត្រចៀក។ ហនុមានក៏ចុះមកពីលើដើមស្វាយទទួលព្រះរាមជាចៅហ្វាយ​របស់ខ្លួន ពីព្រោះព្រះរាមអាចមើលកុណ្ឌលរបស់ខ្លួនឃើញ។ ហនុមានបានហាមាត់បញ្ចេញព្រះអាទិត្យទាំង៧ដែលស្ថិតនៅក្នុងមាត់​របស់ខ្លួន។
ហនុមានបានស្នើឲ្យព្រះរាមជួយដោះស្រាយរឿងពាលី និងសុគ្រីប។ ក្រោយមក ព្រះរាម និងសុគ្រីពក៏បានស្ពានមេត្រី​នឹងគ្នា ដោយពាក្យសន្យា នឹងជួយគ្នាទៅវិញទៅមក ពោលគឺប្រះសម្លាប់ពាលី ហើយសុគ្រីពរកកេណ្ឌទ័ពស្វាថ្វាយព្រះរាម។ សុគ្រីព​បាន​ស្នើឲ្យព្រះរាមល្បងឫទ្ធានុភាពលមើល មុនពេលច្បាំងនឹងពាលី។ ព្រះរាមបាញ់សរអគ្គីវាសរំលាយសពទូភីជាផេះ ហើយ​បញ្ជូន​​ទៅបាតសមុទ្រ។ បន្ទាប់មក សរព្រហ្មាសបាញ់កម្ទេចដើមសត្តបាសដែលដុះលើខ្នងនាគតាំងពីកំណើតផែនដី។ ក្រោយ​មក ព្រះ​រាម​ក៏​បញ្ជាឲ្យសុគ្រីពចេញច្បាំង។ ព្រះអង្គលបបាញ់ពាលីលើកទី១ មិនបានសម្រេច ព្រោះច្រឡំគ្នា ដោយស្វាទាំងពីរមាន​រូប​រាង​ដូច​គ្នាពេក។ ព្រះលក្ស្មណ៍បំពាក់កម្រងផ្កាឲ្យសុគ្រីព ហើយបន្ទាប់មក ព្រះរាមក៏បាញ់ពាលីបាន។ ប៉ុន្តែនឹងស្លាប់ ពាលី​ត្មះ​តិះ​ដៀល​ព្រះរាមជាច្រើន។ នាងទេពធីតារាជាមហេសីបានចេញមកយំសោកនៅលើសពស្វាមី លុះត្រាតែក្ដៅក្រហាយដល់ស្ថានព្រះឥន្ទ្រ ក៏ឲ្យអាត្ម័នពាលីចាប់កំណើតនៅស្ថានសួគ៌។
លុះបានសម្រេចគោលបំណងហើយ សុគ្រីពក៏ត្រូវបានព្រះរាមអភិសេកឲ្យសោយរាជ្យនៅខាស់ខិនបុរី។ សុគ្រីព​មិនបាន​កេណ្ឌ​ទ័ពស្វាមកថ្វាយព្រះរាមឲ្យទាន់ពេលវេលា ព្រះរាមក៏កំហែងសុគ្រីព ដោយមានបំណងរំលាយនគរខាស់ខិនបុរីទាំង​មូល។ សុគ្រីព​ភ័យតក់ស្លុតយ៉ាងខ្លាង ក៏កេណ្ឌទ័ពស្វាយថ្វាយព្រះរាម។


 ខ្សែទី៦៖ ក្រោយពីព្រះលក្ស្មណ៍កំហែងសុគ្រីពឲ្យប្រមូលទ័ពថ្វាយព្រះរាមមក សុគ្រីពទៅហៅហនុមានឯភ្នំកន្ទលីពន ហើយ​បញ្ជាឲ្យហនុមានកាលាខ្លួនតូចប៉ុនម្រាមដៃ។ សុគ្រីពដាក់ហនុមានទៅនឹងថង់សំពត់យកទៅប្រគល់ថ្វាយព្រះរាម​។ មុន​​​​​​​ដំបូង ព្រះ​រាម​អស់សង្ឃឹមនឹងនៅរង់ចាំរហូតដល់ហនុមានធំ។ បន្ទាប់មក ហនុមានក៏បញ្ចេញឫទ្ធានុភាពឲ្យព្រះរាមឃើញ​។ លុះ​​​​​​​ទ័ព​​​​​ស្វា​ជួបជុំគ្នាអស់ហើយ ព្រះរាមត្រូវការរកអ្នកខ្លាំងពូកែម្នាក់ទៅស៊ើបការណ៍នៅក្រុងលង្កា។ សុគ្រីពឆ្លើយថា ខ្លួន​ចាស់​ហើយ បើ​​​​គ្រាន់តែទៅបាន តែត្រឡប់មកវិញក្នុងពេលដ៏ឆាប់រហ័សពុំបាន។ ឯ ខុននន្ទ ឆ្លើយថា ទៅនិងត្រឡប់មកវិញបាន តែ​​​ខ្លាច​​​​​​​​​នា​ងវិកតាសី ដែលហាមាត់នៅចាំក្លោងទ្វារលង្កា បបូរមាត់លើដល់អាកាស បបូរមាត់ក្រោមដល់បាតាល។ នរណា​មួយ​​​ទៅ​​ក្រុង​​​​​ល​ង្កា តែងវង្វេងស្លាប់ក្នុងពោះនាងវិកតាសី។ ដូចនេះមានតែហនុមានទេ ដែលអាចទៅបាន។ មុន​នឹង​ធ្វើដំណើរ​ទៅ ហនុ​​មាន​​​​​បានស្នើសុំចិញ្ចៀនព្រះរាម ដើម្បីឲ្យនាងសីតាជឿជាក់ថា ខ្លួនជាសេនាព្រះរាម។ ហនុមាន ហោះ​ចូល​ក្រុង​​​លង​្កា​​ទៅ​​​ជួប​​នឹងមុនីឥសី ដែលចង្អុលប្រាប់ទីកន្លែងលង្កា ហើយពូតបាយបីដុំឲ្យហនុមានបរិភោគ។ ហនុមានស្មានថាតិច ក៏​ចំអក​​​​ឲ្យ​ឥសី ប៉ុន្តែបរិភោគបីដុំមិនអស់ ក៏ខ្មាសឥសី ហើយហោះទៅជួននាងវិកតាសី ដែលចាំក្លោងទ្វារលង្កា។ ហនុមាន​បោះ​​​​ចិញ្ចៀន​​​ទៅលើអាកាស ហើយចូលតាមមាត់នាងវិកតាសី ចេញតាមត្រចៀកមកទ្រចិញ្ចៀនវិញ។ ហនុមាន​បាន​​ទៅ​ឃើញ​​ក្មួយ​​​ក្រុង​រាពណ៍ ឈ្មោះកាមពាលី ឃើញអតិកាយកម្ពស់មួយយោជន៍ ឃើញទេពកញ្ញាទាំងឡាយ ដែល​ក្រុង​រាពណ៍​លួច​​យក​​​មក ឃើញ​​​ឃ្លាំងក្រុងរាពណ៍ ឃើញក្រុងរាពណ៍កំពុងផ្ទំជាមួយនាងមណ្ឌោគិរី។ ហនុមានបានចង​សក់​អ្នក​​ទាំង​ពីរ​ជាប់​គ្នា ហើយ​សរ​សេរ​នៅ​មាត់ទ្វារថា បើចង់រួចត្រូវឲ្យនាងមណ្ឌោគិរីវាយក្បាលក្រុងរាពណ៍បីដង។ ហនុមាន​រក​នាង​សីតា​​មិន​ឃើញ​​សោះ ហើយ​ក៏​ទៅ​​​​ក្បែរ​ពួកស្រីស្នំ ឮស្រីស្នំនិយាយពីក្រុងរាពណ៍ ដែលមហេសីច្រើនណាស់ ហើយ​នៅ​តែទៅ​លួច​​ជាយា​ព្រះ​រាម ដែល​មាន​តែ​មួយអង្គគត់ ហើយរាពណ៍យកទៅទុកនៅក្នុងសួនអសោក។ ហនុមាន​អរយ៉ាងខ្លាំង ហើយ​​ក៏​ទៅ​ជួប​នាង​សីតា​ភ្លាម​ៗ ប៉ុន្តែ​នាង​សីតាមិនទទួលស្គាល់ ព្រោះស្មានថាក្រុងរាពណ៍កាឡាខ្លួន។ ហនុមាន​ទិនានរឿង​ប្រាប់​​នាង​សីតា​តាំង​ព​ី​ព្រះ​សម្លាប់​ពាលី និង​​ចង​ស្ពានមេត្រីជាមួយសុគ្រីព ហើយប្រើខ្លួនឲ្យមកស៊ើបការណ៍រកនាង។ នាង​សីតា​សួររក​ភស្តុ​តាង ហនុមាន​ក៏​ហុច​​ចិញ្ចៀន​ថ្វាយ​​នាង នាងក៏ប្រគល់ចិញ្ចៀននាងមកឲ្យ​ហនុមានវិញ ទុក​ជា​សាក្សី​ន​ៃការ​ជួប​គ្នា​។ ក្រោយ​ពី​ពេល​​លា​នាង​សីតាមក ហន​ុមាន​​​បាន​ដើរបំផ្លាញក្រុងលង្កា ដោយសម្លាប់យក្សជាច្រើននាក់ ដូចជា​សហស្សកុមារ និង​អតិកាយ មេ​ទ័ព​យក្ស។ បន្ទាប់​មក ហនុមាន​បានធ្វើឲ្យឥន្ទ្រជិតចាប់បាន ប៉ុន្តែសម្លាប់មិនបានសោះ។ ហនុមាន​ក៏​ប្រាប់​យក្ស​ឲ្យ​យក​​សំពត​់មករុំខ្លួនច្រើនជាន់ ហើយ​យក​ប្រេង​មកដុតទើបស្លាប់។ លុះដុតរួចហើយ ហនុមាន​ក៏​ហោះ​ឡើង​លើ​អាកាស ទម្លាក់សំពត់​នោះលើក្រុងលង្កាឆេះខ្ទេចខ្ទីរ រួច​នាំ​ដំណឹង​នេះ​ទៅថ្វាយព្រះរាម។ ព្រះរាមត្រេកអរយ៉ាងខ្លាំង ហើយ​​ឲ្យ​រង្វាន់ហនុមាន។


ខ្សែទី៧៖ ពេលដែលបានដំណឹងពីហនុមានហើយ ព្រះរាមក៏លើកទ័ពស្វាទៅលង្កា។ ដោយទ័ពស្វាមានគ្នាតិចពេក ព្រះរាមក៏ឲ្យសុគ្រីពជួយរកស្ដេចស្វា ដែលឫទ្ធានុភាពមួយដើម្បីយកជាមិត្តនៅពេលធ្វើសង្គ្រាម។ សុគ្រីពបានអួតសរសើរអំពីមហាជម្ពូ ដើម្បីសុំកងទ័ពជំនួយ។ ប៉ុន្តែហនុមានមានកិរិយាព្រហើនកោងកាច សម្លុតមហាជម្ពូ ដូចជាពោលថា បើទៅដល់យប់ឲ្យលើកទ័ព ថ្វាយព្រះរាមទាំងយប់ បើទៅដល់ថ្ងៃឲ្យលើកទ័ពថ្វាយព្រះរាមទាំងថ្ងៃ។ មហាជម្ពូរាជ ក៏ឲ្យសេនាចាប់ស្វាទាំងពីរដាក់គុក។ ពេល​យប់ ហនុមានសណ្ដំកងទ័ពស្វាទាំងឡាយ ហើយកាច់សោចេញ។ ហនុមានក៏បានលើកទាំងគ្រែមហាជម្ពូរាជកំពុងផ្ទំហោះ​យក​​ទៅថ្វាយព្រះរាម។ ព្រះរាមខ្លាចមហាជម្ពូ ពីព្រោះជាស្ដេចស្វាក្រឡេកឆេះ ក៏សុខចិត្តចងស្ពានមេត្រីជាមួយព្រះរាម ប៉ុន្តែ​មិន​ព្រម​ធ្វើ​សហប្រតិបត្តិការខ្លួនឯង ក៏ឲ្យខុននិល និងខុននលជំនួស។ លុះបានទ័ពមហាជម្ពូរាជហើយ ព្រះរាមក៏បញ្ជាឲ្យកង​ទ័ព​ស្វា​ទាំង​ឡាយសង់ស្ពានទៅកោះលង្កា។ ប៉ុន្តែមធ្យោបាយនេះមិនបានសម្រេចទេ ព្រោះត្រីទាំងឡាយក្នុងសមុទ្របបួលគ្នាពា​ំថ្មទាំង​នោះ​ចេញ​។ ពេលនោះ សុគ្រីពធានាកាឡាខ្លួនឲ្យធំដូចព្រះព្រហ្ម ផ្ងារបាតដៃចម្លងទ័ព។ ហនុមានធានាកាឡាខ្លួនឲ្យធំ​ដេក​ធ្វើស្ពាន ឯ​​អង្គទវិញធានាខ្លួនផឹកទឹកសមុទ្រឲ្យរីង ប៉ុន្តែព្រះរាមមិនយល់ព្រម ហើយក៏ប្រកាសកំហែងនាងមណីមេខលា ទេព​ធីតា​រក្សា​សមុទ្រ ដោយថ្លែងសរឲ្យទឹកសមុទ្រពុះ។ នាងមណីមេខលា ភ័យ ក៏ធានាខ្លួនសង់ស្ពានថ្វាយព្រះរាម។ ព្រះរាម​លើក​ទ័ព​ស្វា​ទៅ​កោះ​លង្កា​។
លុះដឹងថា ព្រះរាមលើកទ័ពមកលង្កាហើយ រាពណ៍ក៏ចាត់ចែងរៀបចំទ័ព។


 ខ្សែទី៨៖ ព្រះរាមលើកទ័ពទៅដល់ក្រុងលង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ព ហើយបញ្ជាឲ្យពិភេកឲ្យ ទាយ​ពី​​​វាសនា​នគរលង្កា។ ពិភេកបានគន់គូរហើយ ក៏ស្នើក្រុងរាពណ៍ឲ្យយកនាងសីតាទៅថ្វាយព្រះរាមវិញ។ ពិភេក​បាន​ប្រដូច​រាពណ៍​ទៅ​នឹង​ក្អែក ដែលពាំកែវពិទូរសូរ្យកាន្តយកមកទុកឲ្យឆេះសម្បុក រួចប្រៀបធៀបទៅនឹងត្រីដែលស៊ីនុយ។ រាពណ៍​ខឹង​ខ្លាំង​ណាស់ ក៏​ដោះ​ស្បែកជើងវាយក្បាលពិភេក។ ពិភេកក៏រត់ទៅសុំចុះចូលនឹងព្រះរាម។ មុនដំបូង ព្រះរាមមិនទុកចិត្ត តែ​ជម្ពូពាន​ហោរា​បាន​ទាយ​ថាល្អ ហើយព្រះរាមក៏សុខចិត្ត។
រាពណ៍ខឹងនឹងពិភេក ក៏មកគិតគូរនឹងនាងមណ្ឌោគិរី។ នាងមានយោបល់ដូចពិភេកដែរ តែរាពណ៍មិនព្រមស្ដាប់ ក៏ធ្វើសង្គ្រាមតាមល្បិចដូចជាឲ្យយក្សឈ្មោះ រុក្ខសេនទៅយាមព្រៃ ដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើស៊ីបាន។ ចម្បាំងក៏កើតមានឡើងរវាងទ័ពស្វា ដែលមានមេទ័ពឈ្មោះរុក្ខរក្ស និងទ័ពយក្ស ដែលមានមេទ័ពឈ្មោះរុក្ខសេន។ ទ័ពយក្ស និងទ័ពស្វាស្លាប់ទាំងអស់ ប៉ុន្តែមានយក្សមួយ រត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថា ហនុមានស្លាប់ព្រោះច្រឡំរុក្ខរក្សស្មានថាហនុមាន។
ក្រុងរាពណ៍ត្រេកអរយ៉ាងខ្លាំង ក៏ឲ្យគេលើឆ័ត្រជ័យពាសពេញអាកាស ដើម្បីឲ្យព្រះរាមដកទ័ព តែព្រះរាមថ្លែងសរកម្ទេច​ឆ័ត​្រទាំងនោះខ្ទេចខ្ទីរអស់។ រាពណ៍ភ័យក៏ប្រើល្បិចកលមួយទៀត គឺយកនាងសីតាហោះឡើងលើអាកាស បញ្ឈឺចិត្តព្រះរាម។ ដោយ​សារពិភេកប្រាប់ការពិត ព្រះរាមក៏សូត្រមន្តអាគមឲ្យក្រុងរាពណ៍ចុកពោះសន្លប់លើរាជរថ។
ព្រះរាមចាត់ឲ្យអង្គទយកសារទៅថ្វាយក្រុងរាពណ៍ ដើម្បីធ្វើសង្គ្រាម ប៉ុន្តែទំនាស់ក៏កើតមានឡើងរវាងអង្គទ និងពួកយក្ស ពីព្រោះពួកយក្សមានបំណងសម្លាប់អង្គទ។ ទៅទីបំផុត អង្គទ ទះក្រុងរាពណ៍មួយដៃសន្លប់ ហើយ​យក​មកុដ​ពេជ្រ​លើ​ក្បាល​រាពណ៍​រត់។ យក្ស៤នាក់ដេញតាម ក៏ត្រូវអង្គទវាយដាច់ក្បាល ហើយអង្គទយកដំណឹងនេះទូលថ្វាយព្រះរាម។
 រាពណ៍បានចាត់ឲ្យកុម្ភការណ៍ចេញច្បាំងនឹងព្រះរាម កុម្ភការណ៍ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាម​វិញ ដើម្បី​កុំឲ្យមានសង្គ្រាមពិបាកដល់រាស្ត្រ ពីព្រោះរឿងរ៉ាវទាំងនោះ កើតមកពីនាងសូរបនខាទៅចង់ប្រុសខុសច្បាប់។ រាពណ៍​ចោទ​ប្រកាន់​ថា កុម្ភការណ៍ខ្លាចស្វា បន្ទាប់មកកុម្ភការណ៍ក៏ដាច់ចិត្តចេញច្បាំង។


ខ្សែទី៩៖ កុម្ភការណ៍បានលើកទ័ពយ៉ាងច្រើនច្បាំងនឹងទ័ពព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមបានមើលផ្កាយ ឃើញ ចម្លែក ក៏បញ្ជាឲ្យពិភេកទាយ។ ពិភេកទាយថា កុម្ភការណ៍លើកទ័ពមកវាយឆ្មក់ទ័ពព្រះរាម។ ព្រះរាមក៏ចាត់ឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការណ៍ ឲ្យចូលមកក្នុងទ័ពរបស់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យរង្វាន់ ព្រមទាំងបុណ្យសក្ដិយ៉ាងធំ។ កុម្ភការណ៍បានអះអាងថា ទោះបីប្រះរាមមានឫទ្ធានុភាពខ្លាំងយ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមទៅរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមជាដាច់ខាត។ សង្គ្រាមក៏កើតឡើងរវាងព្រះលក្ស្មណ៍ និងកុម្ភការណ៍។
កុម្ភការណ៍បានយកមោង្គសក្ដិចោលព្រះលក្ស្មណ៍ត្រូវជើងយ៉ាងធ្ងន់ រហូតដល់សន្លប់បាត់ស្មារតី ដំបៅដុះចាក់ ឫសដល់ បាតាល។ ព្រះរាមយំសោក ព្រោះមិនអាចជួយប្អូនបាន។ ពេលនោះ ពិភេកធានាខ្លួនផ្សំថ្នាំ ដោយបញ្ជាឲ្យហនុមានទៅរកដើមថ្នាំ នៅព្រះហេមពាន្ត ដូចជាដើមបុស្សវី កេសរបទុមា សង្ករណី ព្រមទាំងទឹកមូត្រគោឧសភរាជ។ ហនុមានមិនស្គាល់ថ្នាំ ក៏លើក ភ្នំ​ទាំង​មូលមកប្រគល់ឲ្យពិភេក ប៉ុន្តែនៅខ្វះថ្មបស់មួយដុំ ដែលស្ថិនៅក្រោមក្បាលដំណេក្រុងរាពណ៍។ ហនុមាន បាន ទៅ សណ្ដំ​ពួក​យក្សយកថ្មនោះបានទៀត ប៉ុន្តែពិភេកបានបញ្ជាក់ថា បើព្រះអាទិត្យរះមកទាន់ ព្រះលក្ស្មណ៍នៅតែក្ស័យដដែល ព្រោះ ផ្សំ​ថ្នាំ​មិនទាន់។ ហនុមានក៏បានទៅឃាត់ដំណើរព្រះអាទិត្យ ប៉ុន្តែព្រះអាទិត្យមិនព្រម ព្រោះខ្លាចខុសពេលមនុស្សលោក ហនុមាន​ក៏​វាយ សេះព្រះអាទិត្យរត់បាត់អស់។
ជំងឺរបស់ព្រះលក្ស្មណ៍ក៏បានជាសះស្បើយ។ ព្រះលក្ស្មណ៍ចេញច្បាំងម្ដងទៀត។ ម្ដងនេះ ព្រះលក្ស្មណ៍សម្លាប់​កុម្ភការណ៍​​បាន។ ក្រុងរាពណ៍បានឲ្យឥន្ទ្រជិតច្បាំងជំនួស។ សង្គ្រាមរវាងទ័ពឥន្ទ្រជិត និងទ័ពព្រះលក្ស្មណ៍ បានកើត​ឡើង​ក្នុង​ពេល​​ដ៏​យូរ។ ទៅ​ទីបំផុត ឥន្ទ្រជិតថ្លែងសរនាគបាស ចាប់ទ័ពស្វា ហើយព្រះលក្ស្មណ៍។ ព្រះរាមយំសោកម្ដងទៀត ព្រោះ​មិន​អាច​ជួយ​ព្រះ​លក្ស្មណ៍បាន ហើយក៏កំហែងទៅទេវតាស្ថានលើឲ្យជួយ ដោយប្រកាសថា ព្រះអង្គនឹងគ្រវែងធ្នូសរទៅស្ថានលើ ឲ្យ​ឆេះ​ខ្ទេចខ្ទីរ​អស់ ប្រសិន​​បើព្រះលក្ស្មណ៍ស្លាប់។ ទេវតាភ័យតក់ស្លុត ក៏ទៅអង្វរព្រះព្រហ្មឲ្យលែងគ្រុឌពីទ្រុងដើម្បីដេញនាគឥន្ទ្រជិត ពីព្រោះ​ព្រះ​ព្រហ្ម​​ជាអ្នកឲ្យសិល្ប៍នេះទៅឲ្យឥន្ទ្រជិត។ បន្ទាប់មក ព្រះលក្ស្មណ៍ និងទ័ពស្វាក៏បានរស់ជីវិត។


ខ្សែទី១០៖ ពេលដឹងថា ព្រះលក្ស្មណ៍រស់ជីវិតឡើងវិញ ក្រុងរាពណ៍បានប្រើមធ្យោបាយសង្គ្រាមផ្សេងទៀត គឺ​ភៀស​ខ្លួន ទៅលើកំពូលភ្នំស្លពិសនាគ ដើម្បីងាយសម្លាប់ទ័ពព្រះរាម ប៉ុន្តែពិភេកបានឲ្យដំណឹងនេះទៅព្រះរាមភ្លាម។ ព្រះរាម ក៏​ចាត់​ឲ្យ​​ហនុមាន ទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍ លុះត្រាតែបានសម្រេច។ ក្រុងរាពណ៍ខឹងយ៉ាងខ្លាំងក៏ចាត់ឲ្យឥន្ទ្រជិតចេញ​ច្បាំង​។ ឥន្ទ្រជិតបានកាឡាខ្លួនជាពពក ដើម្បីកុំឲ្យទ័ពព្រះរាមមើលឃើញទ័ពរបស់ខ្លួន។ ទ័ពយក្សបានសម្លាប់ទ័ពស្វាអស់ជា​ច្រើន​។ ព្រះ​រាម ព្រះលក្ស្មណ៍អស់សង្ឃឹម ព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតាសុំឲ្យមើលទ័ពយក្សឃើញ។ ការ​បន់​ស្រន់​​នេះ បានសម្រេច ហើយព្រះលក្ស្មណ៍ក៏ផ្លែងសរសម្លាប់ឥន្ទ្រជិតក្នុងពេលនោះទៅ។
លុះដឹងថា ឥន្ទ្រជិតស្លាប់ ក្រុងរាពណ៍អង្គុយយំសោកអស់ពេលដ៏យូរ ហើយក៏សម្រេចចិត្តយកនាងសីតាទៅប្រហារជីវិត ប៉ុន្តែមានមន្ត្រីយក្សម្នាក់ឈ្មោះ រក្ខសៈ ឃាត់ទាន់ដោយអះអាងថា ទំនៀមទម្លាប់មិនអនុញ្ញាតឲ្យសម្លាប់មនុស្សទោសបែបនេះទេ។ រាពណ៍យល់ព្រម ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញច្បាំងម្ដងមួយៗ លុះត្រាតែស្លាប់អស់គ្មានសល់។
 ក្រុងរាពណ៍ឃើញដូចនោះ ក៏វិលវល់ចិត្តអស់សង្ឃឹម ហើយទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់ ឈ្មោះក្រុងមូលផល័ម ដើម្បី​ឲ្យមកជួយច្បាំងបន្តទៀត។
ខ្សែទី៧៥៖ ថ្ងៃមួយ នៅពេលដែលព្រះរាម ព្រះលក្ស្មណ៍ទៅក្រសាលព្រៃ នាងសីតានៅក្នុងវាំងអផ្សុកពេក ក៏នាំភីលៀង ទៅ ស្រង់ទឹក។ ក្រោយមក ព្រះនាងបានគូររូបក្រុងរាពណ៍ ហើយលុបវិញមិនជ្រះ ដោយសារចាញ់បោកយក្ខិនីម្នាក់ឈ្មោះ អាតុល័យ ដែលត្រូវជាបងប្អូនក្រុងរាពណ៍តាមកសងសឹក។ នៅពេលព្រះរាមវិលមកវិញ ព្រះនាងភ័យស្លន់ស្លោ ក៏យកក្ដារគំនូរទៅលាក់ក្រោមក្រលាបន្ទំរបស់ស្វាមី។ ព្រះរាមក្ដៅក្រហាយ ផ្ទំមិនលក់ ដេញកាប់គេឯងពេញក្នុងវាំង។ លុះព្រះលក្ស្មណ៍រកក្ដារគំនូរឃើញ ហើយនាងសីតាសារភាពការពិតនោះ ព្រះរាមជេរព្រះនាងយ៉ាងខ្លាំង ហើយបញ្ជាឲ្យព្រះលក្ស្មណ៍យកនាងសីតាទៅសម្លាប់ទាំងរាត្រី។
ព្រះលក្ស្មណ៍យល់ថា នាងសីតាល្អបរិសុទ្ធ ពុំហ៊ានសម្លាប់ព្រះនាងឡើយ ហើយសុំឲ្យព្រះនាងចេញឲ្យផុតទៅ។ ប៉ុន្តែ​​នាង​សីតាពោលពាក្យគំរោះគំរើយ ដើម្បីឲ្យព្រះលក្ស្មណ៍ខឹងកាប់សម្លាប់នាង។ ព្រះលក្ស្មណ៍លើកដាវប្រុងនឹងសម្លាប់ពីរដង ប៉ុន្តែ​ដាក់​ចុះមកវិញ។ នៅលើកទីបី ព្រះលក្ស្មណ៍ធ្មេចភ្នែក ហើយលើកព្រះខ័នកាប់នាងសីតាទាល់តែសន្លប់ខ្លួនឯង។ ប៉ុន្តែ​នាង​សីតា​ពុំ​ស្លាប់ ពីព្រោះព្រះខ័នរបស់ព្រះលក្ស្មណ៍ក្លាយទៅជាកម្រងផ្កា ដោយសច្ចធម៌របស់នាងជួយ។
ពេលដែលព្រះលក្ស្មណ៍លានាងសីតាត្រឡប់មកវិញ ព្រះឥន្ទ្របានបណ្ដាលឲ្យកើតជាសត្វទ្រាយមួយដេកស្លាប់នៅ​ក្បែរ​ផ្លូវ ដើម្បីឲ្យព្រះអង្គវះយកថ្លើមមកថ្វាយព្រះរាមឲ្យបានមុនថ្ងៃរះ។ ព្រះរាមបានត្មះតិះដៀលនាងសីតាម្ដងទៀត នៅ​ពេល​ឃើញ​ថ្លើម​សត្វទ្រាយនេះ។
 នាងសីតាបានដើរកាត់ព្រៃដោយក្ដីភ័យខ្លាច។ ពេលនោះ ព្រះឥន្ទ្របានកាឡាខ្លួនជាមហិង្សាមកនាំនាងទៅកាន់អាស្រម​ឥសី​វជ្ជប្រិតដោយសុវត្ថិភាព។ លុះគម្រប់ទសមាសា នាងបានប្រសូតបុត្រក្រោមការឧបត្ថម្ភរបស់ឥសីវជ្ជប្រិតមុនី ព្រះឥន្ទ្រ មហេសី​ព្រះ​ឥន្ទ្រទាង៤អង្គ ហើយនឹងបរិពារដ៏ច្រើនទៀត។
ថ្ងៃមួយ នាងសីតាទៅកំពង់ទឹកខើញស្វាញីពរកូនជាប់នឹងខ្លួន ហើយនាងយល់ថា ជាការប្រសើរ ក៏វិលមក​យក​បុត្រ​ទៅ​ជាមួយ ដោយពុំឲ្យឥសីដឹង។ ឥសីបើកភ្នែកឡើងពុំឃើញចៅ ភិតភ័យណាស់ ក៏ជបក្មេងមួយទៀតឲ្យដូចកុមារមុន។ លុះ​នាង​សីតា​ពរកូនត្រឡប់មកវិញ ឥសីអរផង ភ័យផង ក៏តាំងស្ដីបន្ទោសនាងយ៉ាងខ្លាំង។
ខ្សែទី៧៦៖ ឥសីបម្រុងលុបរូបកុមារចោល ប៉ុន្តែនាងសីតាសូមឲ្យលោកជបឡើងវិញ ដើម្បីបានជាគូនឹងកូននាង។ កុមារ ជបនោះឈ្មោះ ជប្បលក្ស្មណ៍ ហើយបុត្របង្កើតរបស់នាងឈ្មោះ រាមលក្ស្មណ៍។ អាយុបាន១០ឆ្នាំ រាជកុមារចេះសិល្ប៍មន្តយ៉ាងស្ទាត់ជំនាញ បានលាឥសីជាគ្រូអាចារ្យ ហើនឹងមាតាទៅក្រសាលព្រៃ។ រាមលក្ស្មណ៍បានថ្លែងសរកម្ទេចដើមរាំងកាលមួយដ៏ធំរលំបាក់បែកខ្ចាយ លាន់ឮសន្ធឹកកងរំពងទៅដល់ស្ថានទេវលោក។
 ការថ្លែងសរនេះ បានធ្វើឲ្យពួកទេវៈរំជើបរំជួលគ្រប់ទិសទី ធ្វើឲ្យឥសីពេញចិត្ត ហើយនឹងធ្វើឲ្យនាងសីតាសរសើរថា បុត្រ​ពូកែដូចព្រះរាមជាបិតាដែរ។ ពេលនោះ រាជកុមារបានដឹងជីវប្រវត្តិមាតាមួយចប់តាមការទិនានរឿងរបស់ខ្លួននៃនាងសីតា ប្រទាន​បុត្រស្ដាប់។
សន្ធឹកសររបស់រាជកុមារ បានធ្វើឲ្យអ្នកស្រុកឰយុធ្យា និងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះរាម​បានឲ្យ​ហោរា​ទស្សន៍​ទាយ​។ ហោរទូលថា មានអ្នកមានបុណ្យលសរនៅក្នុងព្រៃ សុំឲ្យទ្រង់តែងអក្ខរា ចងនឹងកសេះ ហើយ​ចាត់​ប្រើ​ហនុមាន​ឲ្យ​ទៅ​តាម​។ បើនរណាហ៊ានចាប់សេះនេះជិះនោះ ពិតជាហ៊ានប្រមាថព្រះចេស្ដា ឲ្យហនុមាន​ចាប់​យក​​មកកុំបីខាន។ ព្រះរាម​ក៏​បាន​ធ្វើ​​​តាមបង្គាប់ហោរ ដោយហ៊ានប្រមាថព្រះចេស្ដា ឲ្យហនុមានចាប់យកកុំបីខាន។ ព្រះរាម​ក៏បានធ្វើតការបង្គាប់ហោរ ដោយ​ឲ្យ​​​​ហនុមានតាមតាមពីក្រោយសេះ ហើយឲ្យព្រះភិរុត ព្រះសុត្រុត លើក​ទ័ព​តាមពីក្រោយហនុមានថែមទៀត។ ប៉ុន្តែ​នឹង​ចេញ​ដំណើរទៅ ព្រះរាមបានប្រទានក្រោះទៅព្រះអនុជមួយម្នាក់ទុកការពារខ្លួន។
មុន​​នឹងធ្វើដំណើរទៅព្រៃម្ដងទៀតនេះ រាជកុមារត្រូវមាតាហាមឃាត់យ៉ាងខ្លាំងដោយនាងភ័យខ្លាចពីផលវិបាកនៃការផ្លែង​​សរពីថ្ងៃមុនផង និងអំពីពុំទាន់ចេះធ្វើសង្គ្រាមរបស់ក្មេងទាំងពីរនាក់ផង។ រាជកុមារក៏ប្រទះឃើញសេះយ៉ាងស្អាត ក​៏ចាប់​ជិះ​លេង​ដោយយល់ថា បើម្ចាស់គេមកសុំនឹងឲ្យគេវិញ។ ទ្រង់ទតឃើញអក្ខរាចងនៅកអស្សពាហ៍ ហើយតាំងស្រាយទតដឹងថា សំបុត្រ​ព្រះរាម ក៏ប៉ុន្តែពុំមានខ្លាចចេស្ដាសោះ។
 ក្នុង​​ពេលកំពុងជិះលេង ហនុមានក៏ស្ទុះមកចាប់រាជកុមារ ប៉ុន្តែត្រូវរាជកុមារវាយវាត់នឹងធ្នូសរ ដួលសន្លប់ទៅលើព្រះ ធរណី​។ លុះត្រូវព្រពាយ ហនុមានក៏ដឹងខ្លួនឡើងវិញ ហើយបានកាឡាខ្លួនជាកូនស្វាព្រៃតូចមួយ ចូលទៅល្បងលួងលោមបញ្ឆោតចាប់ក្មេងទាំងពីរ។
ខ្សែទី៧៧៖ រាជកុមារបានវាយវាត់ហនុមាននឹងធ្នូសរសន្លប់ម្ដងទៀត និងបោចវល្លិ៍ដ៏តូចមួយចងស្លាបសេក ហើយបាន​យកឈើមកសាក់មុខ បញ្ជូនទៅឲ្យតព្រះរាមជួយស្រាយចំណងចេញ។ ហនុមានខំរើបម្រះខ្លួនឯងយ៉ាងណាក៏ពុំរួច ហើយ​ឲ្យ​​ព្រះភិរុត ព្រះសុត្រុតជួយស្រាយទៀត ក៏ពុំរួចដែរ។ ហនុមានខំដើរទាំងក្ដីវេទនា និងអៀនខ្មាសតាមដងព្រៃ ឆ្ពោះទៅឲ្យព្រះរាម​ជួយ​ស្រាយចំណងនៅចំពោះមុខមន្ត្រីធំៗ។ ព្រះរាមស្រាយចំណងពីសេនា រួចហើយក៏ប្រើហនុមានឲ្យប្រាប់ព្រះភិរុត ព្រះ​សុត្រុត​ចូល​ច្បាំងនឹងកុមារ។
ដំបូងឡើយ រាជកុមារមានជ័យជម្នះទាំងខាងកម្លាំងវាចា ទាំងខាងឫទ្ធានុភាព ហើយព្រះភិរុត និងព្រះសុត្រុត បាន​ដួល​សន្លប​់ដោយត្រូវសរ។ ពលស្វាត្រូវជាប់ចំណង ហើយហនុមានត្រូវកុមារវាយឲ្យសន្លប់ជាលើកទីបី។
ទីបំផុត ព្រះភិរុតនិងព្រះសុត្រុត ដឹងខ្លួនឡើងវិញដោយអំណាចក្រោះព្រះរាម ហើយបានផ្លែងសរទៅត្រូវរាមលក្ស្មណ៍ដួលសន្លប់។ ហនុមានស្ទុះទៅចាប់អូសនាំក្មេងនេះទៅថ្វាយព្រះរាម ចំណែកឯជប្បលក្ស្មណ៍ក៏រត់រួចខ្លួន។
 ព្រះរាមចាត់ឲ្យសេនាចងរាជកុមារ បណ្ដើរអាក្រោសនៅជុំវិញរាជធានី ហើយឲ្យយកទៅឃុំឃាំងទុកសម្លាប់ក្នុងរវាងបីថ្ងៃទៀត។ ពេលនោះ មិនត្រឹមតែប្រជាពលរដ្ឋក្នុងឰយុធ្យាប៉ុណ្ណោះទេដែលយំអាណិតរាជកុមារ សូម្បីតែទេវៈរក្សារាជធានីក៏ជួយអាណិត ហើយចុះមកជួយឧបត្ថម្ភកុមារឲ្យបានធូរស្រាលអំពីទុក្ខសោកដែរ។
ជប្បលក្ស្មណ៍ក៏បានយកដំណឹងដ៏ក្រៀមក្រំនេះទៅថ្វាយព្រះមាតា ធ្វើឲ្យព្រះនាង​សោយ​សោក​ទាល់តែសន្លប់។ ប៉ុន្តែ​ឥសី​បាន​ជួយឲ្យនាងដឹងខ្លួន ហើយជួយទស្សន៍ទាយឲ្យនាងមានសង្ឃឹមឡើងវិញ។
ជប្បលក្ស្មណ៍បានយកចិញ្ចៀនព្រះមាតាមួយវង់ជាប់នឹងខ្លួនដើម្បីទៅរកព្រះជេដ្ឋា។ លុះទៅដល់ជិតក្រុងឰយុធ្យា ជប្ប លក្ស្មណ៍ឮអ្នកស្រុកជំនុំគ្នាថា បងត្រូវស្លាប់នៅថ្ងៃស្អែក ក៏តាំងពួននៅក្នុងព្រៃ ហើយអធិដ្ឋានឲ្យទេវៈជួយ។
ព្រះឥន្ទ្របានចាត់នាងទេពរម្ភាឲ្យមកជួយរាជកុមារ។ ទេពអប្សរនេះ បានមកជួយជប្បលក្ស្មណ៍។ ជប្បលក្ស្មណ៍បានលបលួចផ្ញើចិញ្ចៀនទៅព្រះជេដ្ឋា នៅក្នុងក្អមទឹកដែលនាងធ្វើជាទូលទៅឲ្យអ្នកទោស។ ដោយពិធីដងទឹកនេះ ហើយនឹងមាយាស្រីផង នាងទេពរម្ភាអាចចូលទៅរំដោះរាមលក្ស្មណ៍អំពីទីឃុំឃាំងបានមកវិញ ជួបជុំបងប្អូនដោយសុវត្ថិភាព។
ខ្សែទី៧៨៖ ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នា ហើយបានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់របស់ព្រះរាមនៅក្នុងព្រៃមួយ។
បន្ទាប់ពីចាប់ពួកអ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមនាំចតុរង្គទៅតាមចាប់ព្រះរាជកុមារ។ ព្រះរាមបានទៅជួបក្មេងទាំងពីរបានដូចបំណង ហើយបានសរសើរពីលម្អ និងឫទ្ធានុភាពកុមារ។ រួចផ្លែងសរបង្កសង្គ្រាមមួយរំពេច ប៉ុន្តែសង្គ្រាមមិនចាញ់មិនឈ្នះឡើយ។
ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ផ្លែងសរបម្រុងនឹងផ្ដាច់ជីវិតក្សត្រទាំង៤អង្គចោល ប៉ុន្តែសរនេះក្លាយទៅជាកម្រងផ្កា។ ឃើញ​ហេតុអស្ចារ្យនេះ ព្រះរាមក៏អធិដ្ឋានស្រួលប្រួលហើយ ផ្លែងសរទៀត ប៉ុន្តែសររបស់ព្រះអង្គក្លាយទៅជាអាហារសម្រាប់កុមារសោយ​ទៅវិញ។
ព្រះរាមសួររាជកុមារ ទើបដឹងថាបុត្ររបស់នាងសីតា រួចសួរព្រះលក្ស្មណ៍ ទើបដឹងថា ព្រះនាងពុំទាន់ស្លាប់។ ព្រះ​អង្គ​នាំព្រះអនុជចុះពីរាជរថ ទៅសុំឲ្យបុត្រព្រមទទួលស្គាល់ និងនាំព្រះអង្គទៅជួបនាងសីតា។ ប៉ុន្តែរាជកុមារបាននិយាយបញ្ឈឺចិត្តដោយ​បដិសេធពុំព្រមទទួលស្គាល់ឪពុក ហើយក៏ដឹកដៃគ្នារត់ទៅរកព្រះមាតា។ ព្រះរាមនាំទ័ពរត់តាមក្រោយតាំងសោកសៅ។
កុមារ​ទាំងពីរបានយកដំណឹងនេះទៅទូលថ្វាយព្រះមាតា ជាហេតុនាំឲ្យនាងសោយសោកយ៉ាងខ្លាំង ដោយអាណិតបុត្រផង និង​ខឹង​ចំពោះព្រះរាមផង។ ព្រះរាមនៅក្រៅអាស្រម ឮមេហសីសោយសោកកើតទុក្ខ ក៏ស្រែកសុំឲ្យនាងបើកទ្វារដើម្បីព្រះអង្គបានចូលទៅសុំទោសផ្ទាល់។ សីតាពឹងឲ្យឥសីចេញមកទទួលជំនួស។
ព្រះរាមបានបញ្ជាក់ពីបំណងល្អរបស់ព្រះអង្គប្រាប់ឥសី ហើយបានសួរតាបសនេះអំពីរឿងបុត្រទាំងពីរបស់នាងសិតា​។ លុះ​បានដឹងការពិតហើយ ព្រះរាមបានពឹងឲ្យតាបសជួយជាអាជ្ញាកណ្ដាល។ ទោះបីព្រះឥសីបានទាក់ទងទាំងត្អូញត្អែរថា ព្រះរាម​បាន​ប្រកាសថា ព្រះអង្គខុសហើយជាច្រើនលើកច្រើនសាក៏ដោយ ក៏នាងសីតាពុំព្រមភ្លេចរឿងចាស់បានដែរ។ ទីបំផុតនាងសិតាបាន​អនុញ្ញាត​ឲ្យព្រះរាមជួបត្រឹមព្រះភក្ត្រ និងពាក្យសម្ដីខ្លះៗតែប៉ុណ្ណោះ។
ខ្សែទី៧៩៖ សីតាបញ្ឈឺចិត្តព្រះរាម ដោយបញ្ជាក់ថា កាលពីមុនព្រះអង្គដឹងថា នាងស្មោះត្រង់តាមរយៈហនុមាន ទៅ ស៊ើបការណ៍ និងតាមវិធីឲ្យនាងលុយភ្លើង ម្ដេចក៏នៅតែព្រះអង្គសម្លាប់នាងទៀត។ ចុះឥលូវនេះ នាងមកនៅក្នុងព្រៃតែងជួបយក្ស ជួបព្រានព្រៃ ជាហេតុនាំឲ្យព្រះអង្គរឹតតែប្រច័ណ្ឌ និងយកទោសនាងខស្លាំងលើសមុនទៀត។ ព្រះរាមសុំឲ្យព្រះនាងយកព្រះខ័នមក​កាត់កព្រះអង្គចោល បើពុំអាណិតទេ ប៉ុន្តែនាងសីតានៅតែពុំព្រមដោយតប្រដូចសម្ដីពីរោះផ្អែមល្ហែមទៅនឹងចំណីដ៏ឈ្ងុយឆ្ងាញ់ ប៉ុន​្តែ​ឆីទៅឈឺពោះមិនខាន។
ព្រះរាមដឹងថាយកជ័យជម្នហលើពាក្យសត្យរបស់នាងបុំបាន ក៏រកមធ្យោបាយសំបុត្រដើម្បីឲ្យនាងសីតាទៅតាម។ ប៉ុន្តែនាងសីតានៅតែបញ្ឈឺចិត្តព្រះរាមទៀត។ ព្រះរាមយំសោកចង់សម្លាប់ខ្លួននៅទីនោះ។ សីតាខ្លាចប្ដីស្លាប់ក៏ហៅបុត្រមកប្រគល់ឲ្យ​​នៅពេលនោះទៅ។
ព្រះរាមនាំសំបុត្រទៅជួបនឹងព្រះអនុជទាំងបីអង្គ ព្រមទាំងហនុមាន និងសេនាទាំងអស់នៅក្រៅអាស្រម។ អ្នកទាំងអស់គ្នា​បានសុំទោសគ្នាទៅវិញទៅមក។ ព្រះរាមបានចូលទៅនគរវិញ ហើយបាននាំបុត្រទាំងពីរទៅថ្វាយបង្គំមាតាទាំងបីអង្គ។ ពេលនោះ ជីដូន និងចៅបានស្គាល់គ្នា ហយបានសំណេះសំណាលគ្នាពីរឿងអតីតកាល។ ព្រះរាមបានចាត់សុម័ន្តមន្ត្រីឲ្យជ្រើសរើសយកកុមារី​អាយុ១០ឆ្នាំ មានរូបឆោមល្អ ត្រកូលខ្ពស់មកធ្វើជាភីលៀងក្មេងទាំងពីរ។ ព្រះរាមបានចាត់ចែងពិធីជប់លៀងបុត្រយ៉ាងមហោឡារឹក។
យប់មួយ ព្រះរាចកុមារយំរំឭកមាតា ព្រះរាមក៏រឭកដែរ ហើយក៏ចូលទៅលួងលោមបុត្រទាំងពីរ។ លុះព្រឹកឡើង ព្រះរាម​ឲ្យសេនា និងភីលៀង ដង្ហែកុមារទៅម្ដាយ។ ប៉ុន្តែមុននឹងចេញដំណើរទៅ ព្រះអង្គប្រាប់បុត្រឲ្យជួយអង្វរនាងសីតា ព្រះអង្គ​នឹង​សុគតនៅថ្ងៃណាមួយ ហើយបើនិយាយដូចនេះនៅតែមិនព្រមទៀត ទើបឲ្យភីលៀងទៅបម្រើនាងនៅទីនោះ។
រាជកុមារបាននាំភីលៀងទៅជួបមាតាដូចបំណង។ ពេលនោះ ម្ដាយនិងកូនយំរំឭកគ្នាយ៉ាងខ្លាំង។ ចំណែកឯភីលៀងដែលធ្លាប់ដង្ហែនាងសីតាទៅក្រសាលទឹកពីមុននោះ ក៏យំរៀបរាប់ដែរ។ សីតាបានបញ្ជាក់ថា នេះជាកម្មរបស់នាងទេ។
ខ្សែទី៨០៖ រាជកុមារបានសុំអង្វរឲ្យមាតាវិលមកនគរវិញ តាមការបញ្ចេះរបស់បិតា។ ប៉ុន្តែនាងសីតាឆ្លើយថា ទាល់តែ ព្រះរាមសុគតទៅ ទើបព្រះនាងចូលទៅថ្វាយបង្គំសពតែម្ដង។
 ព្រះរាជកុមារសុំថ្វាយភីលៀងទុកឲ្យនៅបម្រើព្រះនាងតទៅទៀត តាមបណ្ដាំបិតា។ ប៉ុន្តែនាងបដិសេធទៀត ព្រោះនាង រស់នៅ១០ទៀតគ្មានភីលៀងទេ។ ក្មេងទាំងពីរអស់សង្ឃឹម នឹងអាណិតបិតាផងមាតាផង ក៏សោយសោកស្ទើរតែសន្លប់។ នាងសីតា លួងលោមបុត្រទាល់តែបុត្រព្រមទៅជាមួយ។
ដឹងថានាងសិតាព្រមវិលមកវិញ លុះត្រាតែព្រះអង្គសុគតនោះ ព្រះរាមក៏ព្រះអនុជ និងសេនាជំនិតៗមកជំនុំការ។ ហនុមាន​បាននិម្មិតកោដ្ឋមាស ពួកស្នំជំនិតៗបានរៀបចំខ្លួនបម្រុងនឹងយំ រាជកុមារទាំងពីរត្រូវគេនាំយកទៅឆ្ងាយ កិច្ចការក្នុងនគរនៅ​មាន​ដំណើរការធម្មតា ហើយព្រះរាមដើរលបៗទៅពួនក្បែរកោដ្ឋមាស។
 ហនុមាន​ទៅទួលនាងសិតាដោយកុហកថា តាំងពីបានជួបព្រះនាងមក ព្រះរាមកើតទុក្ខអត់បាយរហូតដល់ស្គមខ្លួន។ លុះ​ដឹង​ថា​ព្រះនាងដាច់អាល័យ ព្រះអង្គក៏សោយសោកលុះត្រាតែសុគត។ សីតាឮដូចនេះ ក៏សោយសោកអាណិតស្ទើរសន្លប់បាត់ស្មារតី។ ឥសីស្ដីបន្ទោស ហើយបង្ខំឲ្យនាងចូលមកនគរ។
មកដល់នគរ ពួកស្នំទាំងឡាយឃើញស្គមខុសពីធម្មតា ក៏នាំគ្នាយំអាណិតព្រះនាង។ នាងសីតាគិតស្មានថា ពួក​ស្នំនេះ​យំ​កំដរសពព្រះរាម ក៏ក្ដុកក្ដួលក្នុងចិត្ត ហើយគក់ទ្រូងននៀលទាល់តែសន្លប់។ ជាឱកាសល្អ ព្រះរាមចេញពីកំបាំងមកចាប់នាងត្រកងបី។
 នាងសិតាដឹងខ្លួនឡើងវិញ បន្ទោសព្រះរាមថាជាក្សត្រឥតខ្មាស ហើយស្ទុះរត់ចេញទៅ។ ព្រះរាមរត់ដេញតាមចាប់នាង ក្នុង​បរិវេណព្រះមេរុពុំបាន ក៏ស្រែកហៅអនុជ និងហនុមានឲ្យជួយស្ទាក់ចាប់។
នាងសីតាបានឧទ្ទិសសុំឲ្យតេជះពាក្យសត្យរបស់នាងជួយ។ ពេលនោះ ព្រះធរណីបើកផ្លូវបញ្ជូននាងទៅដល់ស្ថានភុជង្គនាគ។ ស្ដេចនាគឈ្មោះភិរុណ និងមហេសីឈ្មោះរតនាទេវី ក៏យកនាងសីតាទៅរក្សាគ្រងយ៉ាងប្រណីត។
ព្រះរាមប្រើហនុមានឲ្យតាមទៅស៊ើបរកនាងសីតានៅស្ថានភុជង្គនាគ។ ហនុមានត្រូវនាងសីតាជេរគំរោះគំរើយ បណ្ដេញ​ឲ្យត្រឡប់មកវិញ។ ព្រះរាមទាល់ប្រាជ្ញា ទ្រង់សោយសោកាអស់សង្ឃឹម ទើបព្រះតម្រិះថា មានតែពិភេកទេ ទើបអាចពិគ្រោះកិច្ចការ​ជួយព្រះអង្គបាន។ ទ្រង់ក៏សរសេរអក្ខរាផ្លែងសរទៅក្រុងលង្កាមួយរំពេច។

ចប់



សូមចុច Subscribe លើ YouTube Channel នេះ ដើម្បីទទួលបានវីដេអូបន្ថែម

No comments:

Post a Comment

Please Subscribe to get more videos later. Thanks