ក្រោយពីឪពុក ប៊ុន ធឿន គឺ ចឹក ប៊ុនថន លិចស្រូវនៅកណ្ដាលទន្លេសាប ធ្វើឲ្យគ្រួសារនេះធ្លាក់ខ្លួនក្រ និងជំពាក់បំណុលគេរុំកោះ រីឯ ប៊ុន ធឿន ដែលជាកូនក៏មានទឹកមុខស្រងូតស្រងាត់ពន់ពេក។ ថ្លែងពីយាយនួន ដែលជាម្ដាយវិធាវី ពេលដែលបានឮដំណឹងនេះហើយ ក្នុងចិត្តក៏ជ្រួលច្របល់ ចង់ផ្ដាច់ពាក្យរវាង ប៊ុន ធឿន និងវិធាវី ប៉ុន្តែនៅមានការស្ទាក់ស្ទើរ ព្រោះដោយប្ដីរបស់ខ្លួនកាលនៅរស់និង ចឹក ប៊ុនថន ជាក្លើចិត្តមួយថ្លើមមួយនឹងគ្នា ដែលធ្វើឲ្យគាត់ពិបាកសម្រេចចិត្ត។ ក្រោយមក យាយចាន់ដែលជាមិត្តភ័ក្ដិរបស់យាយនួន បានមកលេងផ្ទះយាយនួន ដោយនិយាយពីរឿងថៅកែ ណៃ ស៊ាន និងកូនប្រុសឈ្មោះ ណៃ ស៊ត ធ្វើឲ្យយាយនួនមានសង្ឃឹមកាន់តែខ្លាំងក្នុងការផ្លាស់ប្ដូរចិត្ត និងផ្ដាច់ពាក្យ។
ក្រោយមក យាយថូដែលជាម្ដាយរបស់ ណៃ ស៊ត រៀបចំចូលទៅដល់ យាយនួន អំពីរឿងនាងវិធាវី។ បន្ទាប់ពីដឹងរឿងនេះមក នាងហាក់ដូចជាមិនសប្បាយចិត្តសោះ។ យាយនួនក៏បាននាំនាងវិធាវីទៅលេងខេត្តសៀមរាប ប៉ុន្តែក្ដីឈឺចាប់ទុក្ខព្រួយរបស់នាងមិនរសាយសោះឡើយ ណាមួយអាល័យគូសង្សារផង មិនពេញចិត្ត ណៃ ស៊ត ផង និងមកពីអាកាសធាតុផង ក៏ធ្វើឲ្យនាងធ្លាក់ខ្លួនមានជំងឺ។ យាយនួនភ័យណាស់ ក៏អញ្ជើញគ្រូពេទ្យមកមើល។ គ្រូពេទ្យផ្ដាំថា កុំឲ្យនាងពិបាកចិត្ត ហើយកុំធ្វើឲ្យនាងទើសចិត្ត។ នៅពេលឮយាយនួនរំឭករឿង ណៃ ស៊ត ក៏ធ្វើឲ្យនាងកាន់តែក្ដុកក្ដួលអួលផ្សាក្នុងទ្រូងជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ ជំងឺក៏កាន់តែធ្ងន់ធ្ងរទៅៗ។ ដោយជឿតាមសម្ដីយាយថូ យាយនួនបានអញ្ជើញលោកពីភ្នំសំពៅឲ្យស្រោចទឹករំដោះគ្រោះ អញ្ជើញគ្រូស្ដោះផ្លុំ និងគ្រូដេញខ្មោចជាដើម។ អប្បិយជំនឿបានធ្វើឲ្យយាយនួនជឿឡើងងប់ងុលបំផុត។ ចុងក្រោយ នាងវិធាវីក៏ទទួលមរណភាព។
ថ្លែងពី ប៊ុន ធឿន វិញ ក្រោយពីបានសម្រាកពីការសិក្សាមួយរយៈ គេក៏ធ្វើដំណើរមកស្រុកកំណើតវិញ។ បេះដូងរបស់គេមិនអាចបំភ្លេចនាងវិធាវីបានឡើយ។ ដើម្បីរសាយចិត្ត ប៊ុន ធឿន ក៏សម្រេចចិត្តដើរព្រៃជាមួយអ្នកភូមិ។ ថ្ងៃមួយ ប៊ុន ធឿន បានឃើញគេរៀបចំពិធីបុណ្យសព ក៏កើតពិភាល់ជាខ្លាំង ក៏ដើរទៅមើល ទើបដឹងថានោះគឺជាពិធីបុណ្យសពរបស់នាងវិធាវី។ ហេតុការណ៍នេះរឹតតែធ្វើឲ្យ ប៊ុន ធឿន ឈឺផ្សាពេកក្រៃ។ ក្រោយពីមរណភាពទៅ នាងបានបន្សល់នូវលិខិតចុងក្រោយមួយច្បាប់ដល់ ប៊ុន ធឿន ផងដែរ មានន័យថា សុំឲ្យ ប៊ុន ធឿន កុំប្រកាន់នឹងម្ដាយខ្លួន ហើយឲ្យ ប៊ុន ធឿនខំប្រឹងរៀនសូត្រ និងស្វែងរកនារីដែលខ្លួនពេញចិត្តទៅថ្ងៃអនាគតផងដែរ។
ចប់
No comments:
Post a Comment