Wednesday, April 19, 2017

ពាក្យ «កើត»


ពាក្យ​ឫស​តែ​មួយ​ ក៏​ប៉ុន្តែ​មាន​​អាច​យក​ទៅ​បង្កើត​បាន​ពាក្យ​ថ្មី​ៗ​ជាច្រើន​ហូរហែតាម​រយៈវិធីកម្លាយ​ផ្នត់​ដើម​និង​ផ្នត់ជែក ព្រម​ទាំង​វិធី​បន្សំ​ជាដើម​ ដើម្បី​ឲ្យ​កាន់​តែ​ជាក់​ច្បាស់​នោះ​សូម​ក្រឡេក​មើល​ដូចតទៅ​៖
១. ការ​បង្កើត​ពាក្យ​តាមរយៈ​វិធី​កម្លាយ​
ក. ផ្នត់​ដើម​

- ទម្រង់ /ពសព-/
[ប'ង-] + កើត > បង្កើត

- ទម្រង់ /ពស-/
[ក-] + កើត > កកើត

ខ.ផ្នត់ជែក​

- ទម្រង់​ /-ព-/
[-ន-] + កើត > ខ្នើត

- ទម្រង់ /-សព/ព-/
[-អ'ម/ណ-] + កើត > កំណើត

២. ការបង្កើត​ពាក្យ​ដោយ​វិធីបន្សំ
គឺគេយកបុព្វបទ «ការ-» មក​ផ្សំ​ជាមួយ​នឹង​ពាក្យ​ឫស​«កើត» បង្កើត​បាន​ជាពាក្យ​ «ការ​កើត»

* ដូច្នេះ​ គេ​អាច​ទទួល​បាន​ពាក្យ​ថ្មី​ចំនួន​ប្រាំ គឺ​ ខ្នើត, បង្កើត , កកើត, កំណើត និង​ការកើត

៣​.​ផ្នែក​អត្ថន័យ

+ ខ្នើត    ( ន. )  ពន្លឺ​ដែល​កើត​តាម​លំដាប់​ថ្ងៃ គឺ​ចំណែក​ខែ​ខាង​ដើម ដែល​មាន​ពន្លឺ​ព្រះ​ចន្ទ្រ​មក​ដល់​ថ្ងៃ​ពេញ​បូណ៌មី គឺ​តាំង​ពី​ថ្ងៃ ១ កើត មក​ដល់ ១៥ កើត; ថ្ងៃ​ត​ពី​នេះ​ទៅ ហៅ​ថា រនោច ។

               ( ន. )  អ្វី​ៗ ដែល​គេ​ធ្វើ​កើត, បើ​ធ្វើ​មិន​កើត គេ​និយាយ​ថា មិន​ខ្នើត​ទេ គឺ​អ្វី​នោះ​គេ​នឹង​ធ្វើ​មិន​កើត​ទេ

+ បង្កើត( កិ. )  ធ្វើ​ឲ្យ​កើត : បង្កើត​កូន, បង្កើត​ពាក្យ​វប្បធម៌, បង្កើត​សមាគម ។

               ( គុ. )  ដែល​កើត​ពី​ខ្លួន : កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា : បង​បង្កើត, ម្ដាយ​មីង​បង្កើត...។ 

+ កកើត  (កិ) កើតឡើង​ញឹកញាប់។

+ កំណើត  ( ន. )  ជាតិ, ដំណើរ​ដែល​កើត; កាល​វេលា​ដែល​កើត; ទី​តំបន់​ដែល​កើត : ចាប់​កំណើត, ឆ្នាំ​កំណើត, ស្រុក​កំណើត ។ មនុស្ស​ឥត​កំណើត គឺ​មនុស្ស​មិន​មាន​សេចក្ដី​ចម្រើន ដោយ​ប្រយោជន៍​គ្រប់​យ៉ាង : អា​ឥត​កំណើត

+ ការកើត (ន) ការ​ប្រសូត​ឡើង​ មាន​ជីវិត​មាន​រូបរាង​ឡើង។

ឯកសារ​ពិគ្រោះ
វចនានុក្រម​ខ្មែរ សម្ដេច​ជួន​ ណាត

No comments:

Post a Comment

Please Subscribe to get more videos later. Thanks