Friday, April 7, 2017

«​អត្ថា ហិ​ អត្ថនោ​ នាថោ​»​ ប្រែ​ថា​ «​ខ្លួន​ទី​ពឹង​ខ្លួន​




​ 

សេចក្ដី​អធិប្បាយ

មនុស្ស​គ្រប់​រូប​ដែល​កើត​នៅ​លើ​លោក​សន្និវាស​នេះ​ មិន​អាច​រស់​នៅ​កណ្ដោច​កណ្ដែង​​តែ​ម្នាក់​ឯង​បាន​ទេ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​មិត្ត​ភក្ដិ​ដែរ​។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គួរ​ពឹង​ខ្លួន​ឯ​​ង​ឲ្យ​បាន​​ច្រើន​ ប្រឹង​ប្រែង​រៀន​សូត្រ​ឬ​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​ មិន​ខ្ជិល​​ច្រអូស​ មិន​ដេក​ចាំ​ព្រេង​វាសនា​ និយាយ​រួម​គឺ​ មិន​មាន​គំនិត​ចៅ​ចាក់​​ស្មុគ​ ដែល​បាន​ត្រឹម​តែ​គិត​ តែ​មិន​ព្រម​​ធ្វើ​។​ គេ​ថា​ បើ​ចង់​ឲ្យ​ទេវតា​ជួយ​ ត្រូវ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន​​ លទ្ធផល​កើត​ឡើង​តាម​ក្រោយ​ទេ​ ឲ្យ​តែ​យើង​ធ្វើ​ដោយ​​យក​ចិត្ត​ទុក​ដាក់​។ ដរាប​ណា​​មាន​ការ​ព្យាយាម​ ដរាប​នោះ​គង់តែ​​បាន​សម្រេច​ ព្រោះ​អ្វី​ទាំង​អស់​ចាប់​ផ្ដើម​ពី​ខ្លួន​យើង​ទៅ​មុន​។​
តាម​​ន័យ​នេះ​ដែរ​ លោក​បាន​ទូន្មាន​ថា​ ក្នុង​នាម​ជា​មនុស្ស​ត្រូវ​​មាន​សេចក្ដី​ព្យាយាម​ឲ្យបាន​​ច្រើន​ ជម្នះ​ឧបសគ្គ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ មិន​ដេក​ផ្សំ​ផ្ដួល​ រមួល​ផ្សំ​គ្រេច​។ ខ្លួន​ជា​អ្នក​កំណត់​វាសនា​​​ខ្លួន​ឯង​និង​ជា​​ម្ចាស់​នៃ​ជីវិត​របស់​ខ្លួន​ឯង​ មិន​មែន​អ្នក​ដទៃ​ជា​អ្នក​កំណត់​ទេ​។ បន្ថែម​ពី​លើ​នេះ​ទៀត​ គ្រប់​កិច្ច​ការ​សព្វ​សារពើ​ទាំង​អស់​ ទាម​ទារ​ឲ្យ​ម្ចាស់​ខ្លួន​មាន​ភាព​រឹងប៉ឹង​ ក្លាហាន​មោះមុត​ ហ៊ាន​ដើរ​ទៅ​មុខ​ដោយ​មិន​មាន​​ភាព​ភ័យ​ខ្លាច​។ បើ​គីត​តែ​ដេក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មិន​ព្រម​ធ្វើ​អ្វី​សោះ​ ហើយ​គិត​តែ​ពឹង​លើ​អ្នក​ដទៃ​ តើ​វា​បាន​ផល​ប្រយោជន៍​អ្វី​ទេ​?​ ចម្លើយ​ប្រាប់​ថា​ សូន្យ​ គឺ​មាន​ន័យ​សំដៅ​ទៅ​ដល់​​ភាព​ឥត​ប្រយោជន៍​ ខាត​បង់​ពេលវេលា​ និង​ក្លាយ​ជា​កញ្ជះ​នៃ​វដ្តសង្សារ​។ ជាក់​ស្ដែង ​ការ​ទទួល​ជោគ​ជ័យ​​​ក្នុង​អាជីព​ ចៀស​មិន​ផុត​ពី​ការ​ពឹង​ខ្លួន​ឯង​ជា​ធំ​ឡើយ​ តួយ៉ាង​ដូច​ជា​លោក​ ស្វិវ​ ចប​ ប៊ិល​ ហ្កេត​ និង​​​ អេន​ដឺសាន់​ ជាដើម​ ដែល​សុទ្ធ​តែ​ជា​មនុស្ស​​អច្ឆរិយ តើ​សមត្ថភាព​របស់​ពួកគេ​កើត​ចេញ​ពី​ណា​?​ គ្មាន​ចេញ​ពីណា​ទេ​ ចេញ​ពី​ក្នុង​ខ្លួន​នេះ​ឯង​ ព្រោះ​ដោយ​កត្តា​ខ្លួន​ទី​ពឹង​ខ្លួន​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​បុគ្គល​ខាង​លើ​ទាំង​នេះ​មាន​ជីវិត​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​។​
បើ​ក្រឡេក​មក​មើល​ក្នុង​ស្នាដៃ​រឿង​កុលាប​ប៉ៃលិន​ របស់​លោក​ ញ៉ុក​ ថែម​ ក៏​បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ផង​ដែរ​ថា​ ​ តាចឺម​ ឪពុក​ចៅ​ចិត្រ​ មុន​នឹង​គាត់​ស្លាប់​ ​បាន​ផ្ដាំ​ ចៅ​ចិត្រ​ ​ថា​ «​អត្ថា ហិ​ អត្ថនោ​ នាថោ​»​ តែ​ ចៅ​ចិត្រ​ មិន​ភ្លេច​សុភាសិត​ដ៏​ល្អ​នេះ​ទេ​។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ចៅ​ចិត្រ​ ប្រឹង​ប្រែង​ធ្វើ​យ៉ាង​សស្រាក់​សស្រាំ​ មិន​ហ៊ាន​សម្រាក​សូម្បី​តែ​បន្តិច​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ណាស់​ ហើយ​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​ទៀត​ផង​។​ ទី​បំផុត​ ចៅ​ចិត្រ​ ក៏​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ សូម្បី​តែ​ ឃុន​ នារី​ និង​ ហ្លួង​ រតនសម្បត្តិ​ ក៏​មិន​អាច​យក​ឈ្នះ​អនុភាព​នៃ​កម្លាំង​តស៊ូ​​ដ៏​ស្មោះ​ត្រង់​របស់​ ចៅ​ចិត្រ​ បាន​ឡើយ​។ ចុង​ក្រោយ​ ក៏​សុខ​ចិត្ត​ទទួល​យក​ ចៅ​ចិត្រ​ ដោយ​ការ​ពេញ​ចិត្ត​។ លទ្ធផល​ទាំង​នេះ​ សុទ្ធ​តែ​កើត​ចេញ​ពី​​កត្តា​ខ្លួន​ទី​ពឹង​ខ្លួន​ទាំង​អស់​ គួរ​ចងចាំ​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​កើត​ចេញ​ពី​ខ្លួន​​យើង​ទាំង​អស់​។ ដោយ​ឡែក ព្រះ​សម្មាសម្ពុទ្ធ​នៃ​យើង​ត្រាស់​ដឹង​សម្មាសម្ពោធិញ្ញាណ​ក៏​ព្រោះ​តែ​ខ្លួន​ទី​ពឹង​ខ្លួន​ ទ្រង់​បាន​ព្យាយាម​មិន​ខ្លាច​នឿយ​ហត់​ ជម្នះ​រាល់​ឧបសគ្គ​ដែល​មាន​នៅ​ចំពោះ​មុខ​ រហូត​ទាល់​តែ​សម្រេច​ជោគជ័យ​។ លើស​ពី​នេះ​ទៅ​ទៀត​ តួយ៉ាង​ដូច​ លោក​តា​ក្រម​ ង៉ុយ​ ឌឹក​ គាម​ ញ៉ុក​ ថែម​ នូ​ ហាច​ ជាដើម​ បើ​ពួកគាត់​មិន​ខំ​ប្រឹង​សិក្សា​និង​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​ទេ​ ម្ល៉េះ​សម​មិន​មាន​ស្នាដៃ​ដ៏​ល្អ​ៗ​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​​ឡើយ​។
សរុប​មក​ឃើញ​ថា​ មនុស្ស​ទាំងឡាយ​​ត្រូវ​តែ​​ចេះ​ភ្ញាក់​ខ្លួន​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឬ​សិក្សា​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​ កុំ​ខ្លាច​បាត់​បង់​កម្លាំង​ឲ្យ​សោះ​។​ និយាយ​ឲ្យ​ចំ​ទៅ​គឺ​ត្រូវ​ពឹង​ខ្លួន​​ឯ​ង​ជា​ចម្បង ​បើ​យើង​មិន​គិត​ពី​ខ្លួន​ អ្នក​ដទៃ​ក៏​មិន​គិត​ពី​យើង​ដែរ​។​
ផ្ទុយ​មក​វិញ​ ការ​ធ្វើ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ខ្លួន​​ឯ​ង​ក៏​ពិត​មែន​ ប៉ុន្តែ​ចៀស​មិន​ផុត​ពី​ការ​ទំនុក​បម្រុង​ពី​អ្នក​ដទៃ​ឡើយ​ ព្រោះ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង​ សុទ្ធ​តែ​ជា​គ្រូ​ដ៏​សំខាន់​ នៅ​ពេល​យើង​ធ្វើ​អ្វី​មិន​សម​ឬ​មាន​ភាព​ឆ្គាំ​ឆ្គង​ យើង​នឹង​អាច​ដឹង​តាម​រយ​មនុស្ស​ទាំង​នោះ​ ដើម្បី​កែ​លម្អ​ចំណុច​ខ្វះ​ខាត​​​ឲ្យ​ល្អ​ឡើង។​ បើ​យើង​គិត​ពី​ខ្លួន​​​ឯ​ង​ច្រើន​ពេក​ នោះ​គេ​ចាត់​ទុក​ថា​ជា​ជន​អាត្មានិយម​ទៅ​វិញ​ ចូរ​ចាំ​ទុក​ថា​ មនុស្ស​មាន​សង្គម​ មនុស្ស​មិន​អាច​រស់​​​ឯ​កា​នៅ​កណ្ដាល​កោះ​បាន​ទេ​ បើ​មិន​ដូច្នោះ​ទេ​ ក៏​​មិន​ខុស​អី​ពី​​សត្វ​ពាហនៈ​ដែរ​។ ព្រះរាម​ចេះ​ក្បួន​សិល្បសាស្ត្រ​ដ៏​អស្ចារ្យ​មិន​មែន​ត្រឹម​តែ​​ពឹង​​លើ​​សមត្ថភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​ គឺ​មាន​គ្រូ​ជា​អ្នក​បង្ហាត់​បង្រៀន​ផង​ដែរ​។​ ទ្រង់​ធ្វើ​សង្គ្រាម​ឈ្នះ​ដោយ​មាន​សម្ព័ន្ធ​មិត្ត​ជា​កម្លាំង​។​ យ៉ាង​ណា​មិញ​ ប្រជា​ជន​នៅ​ភូមិ​ក្រាំង​លាវ​ក្នុង​រឿង​ភូមិ​តិរច្ឆាន​ អាច​សម្លាប់​បារាំង​បាដេស​ បាន​ ក៏​ព្រោះ​តែ​ការ​រួម​សាមគ្គី​ដូច​គ្នា​ រី​​​ឯ​​ព្រះ​ជិនវង្ស​ អាច​រួច​ជីវិត​ពី​សេចក្ដី​ស្លាប់​ ក៏​ព្រោះ​តែ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ជិត​ខាង​ដូច​គ្នា​។​
សរុប​មក​ឃើញ​ថា​ រាល់​កិច្ច​ការ​សព្វសារពើ​ ត្រូវ​តែ​មាន​ចំណែក​ពី​បុគ្គល​ចាប់​ពី​ពីរ​នាក់​ឬ​ច្រើន​នាក់​ឡើង​ទៅ​ អាច​សម្រេច​បាន​ល្អ​។​ ​
តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ​ សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សុភាសិត​នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ មិន​​ត្រឹម​តែ​អាច​យក​ទៅ​ក្នុង​សង្គម​ខ្មែរ​បាន​ប៉ុណ្ណោះ​ គឺ​គេ​អាច​យក​ទៅ​អនុវត្ត​បាន​គ្រប់​ប្រទេស​នៅ​ក្នុង​ពិភព​លោក​ ហើយ​វា​​មាន​តម្លៃ​ដ៏​មហា​សាល​សម្រាប់​ជីវិត​មនុស្ស​ ប៉ុន្តែ​គេ​មិន​អាច​និយាយ​ថា​សុភាសិត​នេះ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ​ ដោយ​ហេតុ​ថា​ រាល់​ថា​កិច្ច​ការ​ទាំង​ឡាយ​ត្រូវ​​តែ​មាន​ការ​ចូល​រួម​ជាមួយ​អ្នក​ដទៃ​ផង​ដែរ​ មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​បាន​ទេ​ ​ត្រូវ​ការ​មនុស្ស​ជួយ​បង្វែរ​ទិសដៅ​ រិះគន់​ស្ថាបនា​ គាំទ្រ​ និង​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ផង​ដែរ។​ ដូច​នេះ​ សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​ គ្រាន់​តែ​ខ្វះ​ខាត​បន្តិច​ប៉ុណ្ណោះ​ គេ​អាច​យក​ទៅ​ប្រើ​ការ​បាន​ តែ​កុំ​យល់​ភ្លេច​មើល​មនុស្ស​ជុំវិញ​ខ្លួន​ផង​។

ដោយ រស់ វាសនា

6 comments:

  1. ពិតជាល្អខ្លាំងណាស់

    ReplyDelete
  2. ល្អណាស់លោកគ្រូ។💞♥️👍

    ReplyDelete
  3. ល្អខ្លាំងណាស់លោកគ្រូនិងអ្នកគ្រូ

    ReplyDelete
  4. ចូលចិត្តការតែងណាស់ អរគុណ🙏

    ReplyDelete
  5. ចូលចិត្តការតែងណាស់ អរគុណ🙏

    ReplyDelete

Please Subscribe to get more videos later. Thanks